(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បន្តរកបាន១ពិន្ទុទៀត ពេលស្មើលទ្ធផល ០-០ ទល់អូទ្រីស យប់មិញនេះក្នុង Euro 2016 ដោយសារតែ Cristiano Ronaldo ទាត់បាល់ពិន័យប៉េណាល់ទី១គ្រាប់ មិនចូលនៅនាទីទី៧៩។
សារព័ត៌មាន BBC បានផ្សាយថា រាជសីហ៍រោមមាស ព័រទុយហ្គាល់ នៅតែមិនអាចស្វែងរក៣ពិន្ទុបានដដែល ពេលជួបក្រុមដែលធ្លាប់ចាញ់ហុងគ្រី ២-០ អូទ្រីសតាំងពីថ្ងៃបើកឆាកពូល F គ្រាដែល១ប្រកួតដំបូងរបស់ព័រទុយហ្គាល់ ស្មើ ១-១ ទល់នឹងអ៊ីស្លង់។
១ពិន្ទុបន្ថែមនេះដែរ នៅតែធ្វើឲ្យព័រទុយហ្គាល់ ឈរនៅលេខ៣ ក្នុងពូល F បណ្តោះអាសន្នដដែល ដោយមាន២ពិន្ទុ គ្រាដែលហុងគ្រីឈរនៅលេខ១ មាន៤ពិន្ទុ បន្ទាប់ពីលេងស្មើ ១-១ អ៊ីស្លង់យប់មិញនេះដូចគ្នា ហើយអ៊ីស្លង់ ឈរនៅលេខ២ និងអូទ្រីស ឈរនៅលេខ៤ បាតតារាង។
សូមបញ្ជាក់ថា នៅសល់១ប្រកួតទៀតទាំងអស់ដូចគ្នា នឹងបញ្ចប់វគ្គប្រកួតសន្សំពិន្ទុក្នុងពូលហើយ ដោយលេខ១ និងលេខ២ឡើងទៅវគ្គ១៦ក្រុម និងលេខ៣ ល្អបំផុត៤ក្រុមក៏ឡើងទៅដែរ ដើម្បីបង្រ្គប់លេងវគ្គ ១៦ក្រុម នេះជាច្បាប់ថ្មីរបស់សហព័ន្ធ UEFA៕