(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង លោក លោកស្រី គណៈកម្មាធិការសាខា លោក លោកស្រីប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២១នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០២២ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា។

លោក ម៉ែន វិបុល បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាង សកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គម ជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀតដោយមិនគិតពេលវេលាឡើយ។

លោក ម៉ែន វិបុល បានជំរុញដល់សាខាក្រុងស្រុកទាំង៨ ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មានដល់សាខាជាបន្ទាន់ដើម្បីឆ្លើយតបបានទាន់ពេលវេលា។

លោកបានរំលឹកទៅដល់សមាជិកសមាជិកា នៃគណៈកម្មាធិការសាខា សូមចូលរួមកិច្ចប្រជុំប្រចាំត្រីមាស ឆមាស ឆ្នាំ ឬវិសាមញ្ញ និងរាល់សកម្មភាពនានារបស់សាខា ជាពិសេស សូមជួយចលនាកៀរគររកធនធានមូលនិធិដល់សាខា ដើម្បីសាខាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

សូមបញ្ជាក់ថា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាដែលបានចំណេញពីការលក់សន្លឹកឆ្នោត ដល់អនុសាខាក្រុង ស្រុកទាំង ៨ និងថវិកាឧបត្ថម្ភប្រចាំខែរបស់លោក ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខាស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកផងដែរ៕