(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ៖ «ការគាំទ្រផ្នែកច្បាប់ ស្តីពីសិទ្ធិសម្រាប់មនុស្សវ័យចាស់» ដើម្បីគាំទ្រដល់បណ្តាញមនុស្សវ័យចាស់កម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើងនៅអគារមេគង្គថោវើ០១ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ញែម ប៊ុនធៀន អគ្គនាយករងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោកស្រី អ៊ូ វណ្ណដា ប្រធានបណ្តាញមនុស្សវ័យចាស់កម្ពុជា លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា និងវាគ្មិនកិត្តិយស ជាច្រើនរូប។

កម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុប១២៨នាក់មកពី ១៤រាជធានី-ខេត្តប្រទេសកម្ពុជា តំណាងឱ្យមនុស្សចាស់ជិត ៣ម៉ឺននាក់ តាមរយៈការគាំទ្រមូលនិធិពីរដ្ឋាភិបាលហូឡង់ និងសហគមអឺរ៉ុប រួមជាមួយម្ចាស់ជំនួយប្រទេសអាល្លឺម៉ង់។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមប្រធានបទ «ការគាំទ្រផ្នែកច្បាប់ស្តីពី សិទ្ធិសម្រាប់មនុស្សវ័យចាស់» ដែលផ្តោតទៅលើស្វែងយល់អំពីតម្រូវការ និងកំណត់នូវអាទិភាពសំខាន់ៗរបស់មនុស្សវ័យចាស់ពាក់ព័ន្ធទៅនឹង ការគាំទ្រផ្នែកច្បាប់សម្រាប់សិទ្ធិរបស់ពួកគាត់ ដើម្បីជាធាតុចូលសម្រាប់ក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការពិចារណា ឬគិតគូរនៅក្នុងដំណាក់កាលនៃការរៀបចំច្បាប់ស្តីពីសិទ្ធិមនុស្សចាស់ នៅជំហានបន្ទាប់។

យោងតាមលទ្ធផលនៃវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី១ និងលើកទី២ កាលពីដើមឆ្នាំ២០២១ និងនៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដែលមានតំណាងមនុស្សវ័យចាស់ចូលរួមពី២៥រាជធានី-ខេត្ត បានរួមគ្នាលើកឡើងនូវតម្រូវការជាអាទិភាពមួយចំនួន ដែលក្នុងនោះរួមមានទាំងតម្រូវការច្បាប់ដើម្បីគាំពារ និងលើកកម្ពស់សិទ្ធិសម្រាប់ពួកគាត់នៅក្នុងវ័យចាស់ ដែលជាតម្រូវការមួយក្នុងចំណោមតម្រូវការដ៏ចាំបាច់នានា របស់មនុស្សវ័យចាស់ ក្នុងការទទួលបាននូវសេចក្តីថ្លៃថ្នូរ និងសុខុមាលភាពក្នុងការរស់នៅរបស់ពួកគាត់ក្នុងសង្គម។

បើទោះជាមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការណាមួយ អំពីការរំលោភសិទ្ធិមនុស្សវ័យចាស់ ប៉ុន្តែកម្ពុជាក៏ពុំទាន់មានច្បាប់ ឬបទដ្ឋានគតិយុទ្ធ ឬយន្តការជាក់លាក់ដើម្បីគាំទ្រ និងដោះស្រាយនូវបញ្ហាទាំងនេះនៅឡើយ។ ជាងនេះទៅទៀត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ បានលើកពីបញ្ហា និងកំណត់នូវអាទិភាពមួយ (អាទិភាពទី៧) ដែលបង្ហាញពីតម្រូវការលើការបង្ការមនុស្សវ័យចាស់ពីការរំលោភបំពាន និងអំពើហឹង្សា។ គោលនយោបាយនេះ ក៏បានចង្អុលបង្ហាញពីតម្រូវការ និងសកម្មភាពបន្ទាប់ដែលកម្ពុជាគួរអនុវត្តចំនួន៧ ដែលក្នុងនោះរួមទាំងការរៀបចំ ច្បាប់មនុស្សវ័យចាស់ ដើម្បីធានានូវប្រសិទ្ធិភាពនៃការការពារ ឲ្យបានល្អដូចដែលបានធ្វើឡើងនៅប្រទេសនានានៅក្នុងប្រទេសសមាជិកអាស៊ាន។

អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួកគាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរ មានភាពសកម្ម សុខភាពល្អ និងសុវត្ថិភាព។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងចំណោម ៨រាជ-ធានីខេត្ត នៃព្រះរាជណាចក្រកម្ពុជា។

សូមមញ្ជាក់ថា បណ្ដាញមនុស្សវ័យចាស់កម្ពុជា គឺជាវេទិការមួយសម្រាប់សមាគមមនុស្សចាស់ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាបន័នានាដើម្បីធ្វើកិច្ចការរួមគ្នា ក្នុងគោលបំណងលើកម្ពស់គុណភាពជីវិតមនុស្សចាស់ និងចូលរួមចំណែកក្នុងការអនុវត្តនូវគោលនយោបាយនានាប្រកបដោយប្រសិទ្ធភាពដែលជាប្រយោជន៍សម្រាប់មនុស្សវ័យចាស់៕