(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការកិច្ចព្រមព្រៀងទទួលឥណទានជាង ៣០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២, នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ឥណទានសម្បទានចំនួន២ ពីសាធារណរដ្ឋកូរ៉េ រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានតំណាងមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហរ័ណ អាហរ័ណកូរ៉េ (EDCF/ Korea Eximbank) ប្រចាំនៅកម្ពុជា ។

កិច្ចព្រមព្រៀងឥណទានសម្បទានទាំងពីរ មាន៖

កិច្ចព្រមព្រៀងទី១៖ សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ [Grid Reinforcement in Sihanoukville Project] មានទឹកប្រាក់ឥណទានចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក
វិសាលភាពរបស់គម្រោង គឺសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅលើអាកាស និងបង្កប់ក្រោមដី ចំនួន ៣ ខ្សែ ប្រវែងសរុបចំនួន ២២ គ.ម, សាងសង់អនុស្ថានីយចំនួន ៤ កន្លែង និង ពង្រីកអនុស្ថានីយចំនួន ២ កន្លែង។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៤ ឆ្នាំ ៥ ខែ (៥៤ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ (៣៦ ខែ)។

កិច្ចព្រមព្រៀងទី ២៖ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ - អរិយក្សត្រ ) [Cambodia-Korea Friendship Bridge Project ] មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក
វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ - អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង ក្នុងនោះ៖

* ស្ពានទី ១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និង
* ស្ពានទី ២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។
គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ (៤៧ខែ) ។

 គិតចាប់ពីឆ្នាំ ២០០១ រហូតមកដល់ដំណាច់ឆ្នាំ ២០២២ នេះ, សាធារណរដ្ឋកូរ៉េបានផ្តល់ឥណទានសម្បទាន ដល់កម្ពុជាសរុបប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារ The Export-Import Bank of Korea (Korea Eximbank) សម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលជាគម្រោងក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលមានវិស័យ ដូចជា ផ្លូវថ្នល់, ប្រព័ន្ធធារាសាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍៕