(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងត្រូវតែបង្ក្រាបចំពោះជនណាដែលលួចអាស្រ័យផលនៅក្នុងតំបន់៣។
លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា «ប្រសិនបើយើងមិនបានធ្វើកិច្ចការដោយម៉ត់ចត់ទេ និងមានជនខិលខូចលួចរុករានទន្ទ្រាន និងកាប់ដីព្រៃលិចទឹកនៅតំបន់បីជាបន្តទៀតព្រោះថាដីនេះរាជរដ្ឋាភិបាលបានហាមឃាត់មិនឱ្យអាស្រ័យផលឡើយ»។
លោកបានណែនាំដល់ប៉ុស្តិ៍រដ្ឋបាល និងលោកមេឃុំគ្រប់ឃុំត្រូវធ្វើសេចក្ដីណែនាំ និងអំពាវនាវឲ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវជួយថែរក្សាការពារព្រៃលិចទឹក និងកុំនាំគ្នាទៅរុករានទន្ទ្រានដោយអនាធិបតេយ្យ។
លើសពីនេះលោកក៏បានឲ្យកងកម្លាំងទាំង៣ត្រូវសហការគ្នាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពីព្រោះ គ្រឿងញៀននេះហើយដែលធ្វើឲ្យមាននូវអំពើចោរកម្មឆក់ប្លន់ នឹងអំពើអនាចារផ្សេងៗ។
លោកបានណែនាំដល់អធិការដ្ឋាននគរបាលស្រុក ត្រូវធ្វើផែនការ និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងការ អនុវត្តនិងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្រប់គ្នាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាសុវត្ថិភាពអ្នកដទៃផងដែរ។
ជាចុងបញ្ចប់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានណែនាំដល់កងកម្លាំងទាំង៣ត្រូវសហការគ្នាបង្ក្រាបបទល្មើសនេសាទឲ្យបានដាច់ខាត ដើម្បីរក្សាធនធានជលផល និងពូជរក្សាពូជត្រីឲ្យសម្បូរឡើងវិញ ពិសេសការរក្សាអភិរក្សពូជត្រីដែលកំពុងតែប្រឈមនឹងការផុតពូជ៕