(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គិលានុបដ្ឋាកជាអ្នកធ្វើការជួរមុខ និងនៅជាប់ជាមួយអ្នកជំងឺ ចាំមើលការថែទាំ អប់រំ និងផ្ដល់ការពិគ្រោះយោបល់ ដូច្នេះត្រូវទាមទារទទួលបាន ការបណ្ដុះបណ្ដាលជាបន្ដជាបន្ទាប់ជាចាំបាច់ ដើម្បីផ្ដល់គុណភាពសេវា និងសុវត្ថិភាពជូនដល់អ្នកជំងឺ និងអតិថិជន។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា ស្តីពីតួនាទី របស់គិលានុបដាក់ក្នុងការលើកកម្ពស់ការថែទាំដោយផ្តោតលើអថិជន និងអ្នកជំងឺ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា។

ក្នុងឱកាសបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យសមាគមខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាជាក្រុម ជាបណ្ដាញ ដោយរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវជូនប្រជាពលរដ្ឋយើងបានកាន់តែប្រសើរ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា «គិលានុដ្ឋាកត្រូវទទួលការបណ្ដុះបណ្ដាលជាបន្ដបបន្ទាប់ជាចាំចាច់ ព្រោះគិលានុដ្ឋាកមានទំនាក់ទំនងជាប់ជាមួយអ្នកជំងឺ និងនៅក្នុងសហគមន៍។ លើសពីនោះ ត្រូវមានសណ្ដានចិត្ដ រួសរាន់រាក់ទាក់ និងចាត់ទុកអ្នកជំងឺដូចជាបងប្អូនក្រុមគ្រួសាររបស់ខ្លួន»

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា គិលានុដ្ឋាកជាបេះដូងនៃការផ្ដល់សេវាដែលមានគុណភាព និងសុវត្ថភាពដល់អ្នកជំងឺ និងអតិថិជន ហើយគិលានុដ្ឋាកជាអ្នកផ្ដល់សេវាទាំងផ្លូវកាយ ផ្លូវចិត្ដ សង្គម និងតាមជំនឿសាសនា និងការថែទាំដោយផ្ដោតលើអតិថិជន។ ម្យ៉ាងវិញទៀតគិលានុដ្ឋាក គឺជាសមាជិកក្នុងសហគមន៍ដែលគាត់បម្រើការ យល់ពីវប្បធម៌នៅនឹងកន្លែង និងមានឥទ្ធិពលក្នុងការផ្លាស់ប្ដូរឥរិយាបថអតិថិជន ស្របតាមក្រមសីលធម៌គិលានុដ្ឋាក។

ជាក់ស្ដែងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩ ពិតជាបានជួបប្រទះនូវការលំបាក ជាច្រើនទាំងនៅកម្ពុជា ប៉ុន្តែក្រសួងសុខាភិបាលបានប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត គ្រប់គ្រងគ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត នៅទូទាំងកម្ពុជា គ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងបន្តធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌របស់ប្រជាពលរដ្ឋ ដែលត្រូវទទួលបានពីសេវាសុខាភិបាល។ រដ្ឋមន្ដ្រីថ្លែងបន្ដថា សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ពីគិលានុដ្ឋាកនៅគ្រប់កម្រិតនៅគ្រប់គ្រឹះស្ថានសុខាភិបាល៕