(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលអប់រំ អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា ដើម្បីសង្គម និងសមិទ្ធផលនានា ក្នុងទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមរបាយការណ៍ លោក សាឡេះ អះស្អាអី បានឲ្យដឹងថា មជ្ឈមណ្ឌលអបលរំនេះ បានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០២០ ជាជំនួយរបស់លោក អាប់ឌុលមូស្សីន អាប់ឌុលអាហ្សីស អាល់យ៉ះយ៉ា និងក្រុមគ្រួសារ ជាសប្បុរសជនមកពីអារ៉ាប៊ីសាអូឌីត។ លោកបានបន្ថែមថា គោលបំណងនៃការសាងសង់នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើវិស័យអប់រំ និងធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការនាំអនុសាសន៍ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមសម្តេចទាំងទ្វេ បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជន និងគ្រួសារ ដែលបានចូលរួមឧបត្ថម្ភមជ្ឈមណ្ឌលនេះ ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្សដល់កូនក្មួយនៅក្នុងខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្តាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលចូលរួមពិធីសម្ពោធនេះផងដែរថា បងប្អូនជាអ្នកសម្រេចជោគវាសនារបស់កម្ពុជាទាំងមូល ដែលទទួលបានសុខសន្តិភាព និងការរីកចម្រើនរុងរឿងមកដល់សព្វថ្ងៃ ហើយជោគវាសនានេះនឹងបន្តទៅមុខ បើបងប្អូនបន្តដឹងគុណសម្តេច ដឹងគុណសន្តិភាព និងសូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅពេលខាងមុខ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី អូស្មា​ន ហាស្សាន់ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនមជ្ឈមណ្ឌលនូវ ថវិកាចំនួន៥លានរៀល ផ្ដល់ជូនចាស់ជរាស្ត្រីមេម៉ាយសរុប ៣,៩០០ដុល្លារ, ក្មេងកំព្រា ១៥០នាក់ នូវទឹកប្រាក់ចំនួន៩,០០០ដុល្លារ, យុវជន ២០០នាក់ នូវថវិកាសរុប ២លានរៀល និងកងកម្លាំងចំនួន១លានរៀលផងដែរ។

សូមជម្រាបថា មជ្ឈមណ្ឌលអប់រំខាងលើ បានចំណាយថវិកាសរុប៩៣៩,១៩៤ដុល្លារ ក្នុងការសាងសង់លើផ្ទៃដីទំហំ៦,៣៨៤ម៉ែត្រការ៉េ ដែលរួមមានវិហារឥស្លាម សាលារៀន១ខ្នង មាន១៥បន្ទប់ អន្តេវាសិកដ្ឋានសិស្ស១២បន្ទប់ អគារសម្រាប់បុគ្គលិក ៦បន្ទប់ អាហារដ្ឋាន ការិយាល័យ បណ្ណាល័យ ៨បន្ទប់ បន្ទប់ទឹក១០បន្ទប់ និងរចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល នេះបើយោងតាមរបាយការណ៍សាងសង់របស់ លោក សាឡេះ អះស្អាអី ប្រធានសមាគមកូប៉្រាស៊ីមុស្លិមកម្ពុជា៕