(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដែលទើបតែងតាំងថ្មី ក្នុងនោះក៏មាន លោកបណ្ឌិត យ៉ង សាំងកុមារ ផងដែរ។

ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

តាមបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត យ៉ង សាំង កុមារ បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងារក្រសួងដែលរៀបចំពិធីនេះឡើង។

លោកបានប្តេជ្ញាចិត្ត នឹងធ្វើខ្លួនជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាពក្នុងការធ្វើការបម្រើកសិករនិងប្រជាពលរដ្ឋ។

លោក យ៉ង សាំងកុមារ អតីតថ្នាក់ដឹកនាំដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ​ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

លោក យ៉ង សាំង កុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។ តាមរយៈតួនាទីជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលកន្លងមក លោកតែងចូលរួមបញ្ចេញទស្សនៈ នានា លើវិស័យកសិកម្ម ហើយលោកផ្ទាល់ក៏មានបង្កើតសមាគមចែករំលែក ចំណេះជំនាញ និងអភិវឌ្ឍន៍លើវិស័យកសិកម្មនេះផងដែរ៕