(បន្ទាយមានជ័យ)៖ ប្រធានរតនាគារថ្មី ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយលោក លោក អឿន ច័ន្ទវីសុទ្ធ ពីអនុប្រធានរតនាគារ ទៅជាប្រធានរតនាគារ ជំនួសលោក យុត ស្វីនី ដែលត្រូវចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ូ រតនា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ខេង ស៊ុំម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។
នាឱកាសនោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារបានល្អរបស់ប្រធានចាស់ ដែលបានបំពេញការងាររហូតចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់ សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាធារណៈផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ព្រមទាំងផ្ដាំផ្ញើដល់ ប្រធានថ្មី បន្តខិតខំដឹកនាំមន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធប្រកបដោយគុណភាព និងគុណផលបន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ហិរញ្ញវត្ថុ សាធារណៈប្រកបដោយប្រសិទ្ធភាព។
លោក ប៉ូ រតនា បានកោតសរសើរស្នាដៃប្រធានរតនាគារចាស់ ក្នុងរយៈពេលបំពេញការងាររួមចំណែកលើវិស័យហិរញ្ញវត្ថុរបស់ជាតិ បាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យនាពេលកន្លងមក។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្ដាំផ្ញើដល់ប្រធានរតនាគារខេត្តបន្ទាយមានជ័យថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្ត អភិក្រម៤ របស់លោកអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ៖
*ទី១៖ អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌
*ទី២៖ អនុវត្តន៍ការងារជាក្រុម
*ទី៣៖ អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេសកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
*ទី៤៖ មិនត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង៤នេះ ជាគោលដៅក្នុងការអភិវឌ្ឍការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕