(ភ្នំពេញ)៖ ក្រោយទទួលបានការចង្អុលបង្ហាញ និងណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនោះ, អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ កំពុងមមាញឹកក្នុងការបំពេញការងារផ្ដល់សេវានេះជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្រោយទទួលបានការណែនាំ លោកបានចាត់កម្លាំងទទួលបន្ទុកការងារអត្តសញ្ញាណកម្ម បង្កើនសកម្មភាពដើម្បីចុះតាមភូមិផ្ទាល់ និងចុះតាមផ្ទះផ្ទាល់តែម្ដង ដើម្បីផ្ដល់អត្ដសញ្ញាណប័ណ្ណជូនប្រជាពលដ្ឋ ហើយសន្ទុះក៏មានការកើនឡើងជាមុន បើធៀបនឹងការមកធ្វើដល់ទីតាំងរបស់សមត្ថកិច្ច។

បើតាមលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ, អ្វីដែលសំខាន់លើសពីនោះទៀត គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល។

សម្រាប់នៅខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋអាយុចាប់ពី១៥ឆ្នាំឡើង ចំនួន១,៥២៨នាក់ ក្នុងនោះបានបំពេញបែបបទរួច ចំនួន១,១០៨នាក់ និងនៅសល់ចំនួន៤២០នាក់។ ដោយឡែក ផុតសុពលភាពចំនួន៣,៥២៥នាក់ ក្នុងនោះបានបំពេញបែបបទរួច ចំនួន៧៧៥នាក់ និងនៅសល់២,៧៥០នាក់។

សូមជម្រាបថា យុទ្ធនាការនេះ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ប៉ុស្តិ៍នគរបាលសង្កាត់។ តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឲ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ដែលត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូច។

ហើយនេះជាយុទ្ធនាការមួយគួរឲ្យកោតសសើរ ដែលមន្ត្រីនគរបាលបានចុះអនុវត្តន៍បែបនេះ គឺជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឲ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពីមន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕