(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋាន ពុំដែលព្រងើយកន្តើយនោះទេ និងបានចូលរួមចំណែកដោះស្រាយជាបន្តបន្ទាប់ជាមួយអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធនូវបញ្ហាប្រឈម សំណូមពរនានា និងបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាផ្លូវ ប្រឡាយទឹក ភ្លើងបំភ្លឺផ្លូវ វិស័យអប់រំ និងសង្គមកិច្ច។

ការលើកឡើងបែបនេះរបស់លោក អ៉ីវ លាង បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងពេលជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋនៅភូមិឫស្សីជួរ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

នាឱកាសនោះ លោកបានបញ្ជាក់ថា «បើគ្មានសន្តិភាពទេយើងក៏មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះនោះទេ សូម្បីការជួបប្រជុំពេលនេះក៏អាចធ្វើបានដែរ ជាក់ស្តែងយើងបានដឹងឮទាំងអស់គ្នាបញ្ហារុស្សី-អ៊ុយក្រែន និងប្រទេសមួយចំនួនទៀត ប្រជាជនបានស្លាប់ និងកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមនេះឯង»

លោក អ៉ីវ លាង បានបន្តថា ពិសេសជាមេរៀន គឺសង្គ្រាមនៅកម្ពុជាផ្ទាល់ដែលពុកម៉ែបងប្អូនដែលនៅទីនេះភាគច្រើនជាសាក្សីរស់បានឆ្លងកាត់ជីវិតផ្ទាល់ខ្លួងឯងហើយ ដូច្នេះសន្តិភាពពិតជារឿងសំខាន់ណាស់ ដើម្បីការរស់រាន មានជីវិត និងការអភិវឌ្ឍប្រទេសជាតិ ហេតុនេះសូមបងប្អូនចូលរួមទាំងអស់គ្នា ដើម្បីរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតនឹងជនមួយក្តាប់តូចដែលសញ្ជឹងចិត្តបំផ្លាញសន្តិភាព ដើម្បីសម្រេចមហិច្ឆតា អំណាចរបស់ពួកគេ។

សូមបញ្ជាក់ថា បញ្ហាសំណូមពរ ប្រជាពលរដ្ឋបានលើកឡើងមាន បញ្ហាកម្លាំងភ្លើងខ្សោយ បញ្ហានេះរដ្ឋបាលឃុំនឹងពិភាក្សាជាមួយក្រុមហ៊ុនអគ្គិសនីទទួលបន្ទុកក្នុងឃុំ និងបណ្តាផ្លូវខូច បញ្ហាលូពីភូមិដីថុយមកភូមិឫស្សីជួរ រដ្ឋបាលឃុំនឹងប្រើប្រាស់ថវិកាឃុំដើម្បីជួសជុល៕