(ភ្នំពេញ)៖ ស្តង់លក់សៀវភៅជិត២០០ស្តង់ ជាមួយសៀវភៅរាប់ម៉ឺនក្បាលត្រូវបានដាក់លក់នៅឯពិព័ណ៌សៀវភៅចុងឆ្នាំ២០២២។ នេះជាឱកាសសម្រាប់មាតាបិតានិងអាណាព្យាបាលសិស្ស ក៏ដូចជាអ្នកដែលនិយមអានសៀវភៅ ឬអ្នកដែលកំពុងស្វែងរកសៀវភៅថ្មីៗជាមួយតម្លៃពិសេសសម្រាប់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រទី៩ដល់១២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹកដល់៧ល្ងាចនៅបណ្ណាល័យជាតិ (ខាងលិចវត្តភ្នំ)។

នេះជាពិព័ណ៌សៀវភៅឆ្នាំទី៩ ហើយក៏ជាលើកទី១ដែរបន្ទាប់ពីបានអាក់ខានអស់២ឆ្នាំ ដោយសារជំងឺកូវីដ។ កាលពីឆ្នាំ២០១៩ មានអ្នកចូលរួមព័ណ៌សៀវភៅលើកទី៨ជិត២០ម៉ឺននាក់ ហើយសៀវភៅរាប់ម៉ឺនក្បាលត្រូវបានលក់អស់។

លោក ពុយ គា អ្នកកាសែតជើងចាស់ និងជាអ្នកនិពន្ធ និងអ្នកចងក្រងរៀបរៀងសៀវភៅបានចំនួន២០ចំណងជើង ហើយដែលមានវត្តមាននៅឯពិព័ណ៌សៀវភៅបានថ្លែងថា ដើម្បីចូលរួមជំរុញដល់ការអាន និងលើកទឹកចិត្តដល់អ្នកនិយមអានសៀវភៅ លោកបានស្នើឱ្យអ្នកដែលលក់សៀវភៅ «អាថ៌កំបាំងក្រៅឆាក» របស់លោកជួយបញ្ចុះតម្លៃលក់បច្ចុប្បន្នឱ្យទាបជាងនេះដើម្បីឱ្យអ្នកដែលមានថវិកាស្តួចស្តើងអាចជាវយកទៅអានបាន។ តម្លៃពិសេសនេះមានរយៈពេល៣ថ្ងៃនៅស្តង់លេខ៧១-៧២ បណ្ណាល័យជាតិ។ បន្ថែមលើតម្លៃពិសេស លោក ពុយ គា អាចនឹងចុះហត្ថលេខាលើសៀវភៅដោយផ្ទាល់សម្រាប់បងប្អូនដែលជាវសៀវភៅខាងលើ៕