(ភ្នំពេញ)៖ អគារពិនិត្យ និងសម្រាកព្យាបាលថ្មីមួយខ្នងកម្ពស់២ជាន់ ជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងសហការីជូនដល់មន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២២ សម្រេចបាន៦០ភាគរយ ហើយគិតមកដល់ពេលនេះ បើតាមការគ្រោងទុកអគារនេះ នឹងរួចរាល់នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លទ្ធផលនៃការសាងសង់អគារពិនិត្យ និងសម្រាកព្យាបាលនេះត្រូវបានលោក ឯក ប្រុស អ្នកទទួលខុសត្រូវ ក្នុងការសាងសង់បញ្ជាក់ជូន លោក ជា ចាន់តូ ក្នុងឱកាសលោកអញ្ជើញចុះពិនិត្យនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបថា អគារថ្មីនេះត្រូវបានធ្វើពិធីបញ្ចុះបឋសិលាកសាងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ អគារថ្មីនេះមានកម្ពស់២ជាន់ បណ្ដោយ៤៥ម៉ែត្រទទឹង១៦ម៉ែត្រ និងមាន២៨បន្ទាប់សាងសង់ពីថ្ម មានតម្លៃជាង២៥ម៉ឺនដុល្លាអាមេរិក។
លោក ជា ចាន់តូ បានណែនាំដល់ក្រុមជាងដែលកំពុងបំពេញការងារឲ្យយកចិត្តដាក់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះការសាងសង់គឺត្រូវគោរពឲ្យបានត្រឹមត្រូវ តាមលក្ខណបច្ចេកទេស និងធានាឲ្យបានទាំងគុណភាព និងសោភ័ណ្ឌភាព។
លោក ជា ចាន់តូ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ឲ្យបង្កើនការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់បន្ថែមទៀត ក្នុងការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ជាពិសេសលើកការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ១៩។
ក្រោយពីបានពិនិត្យ និងមើលឃើញពីតម្រូវការចាំបាច់ របស់មន្ទីរពេទ្យបង្អែកស្ទោងលោក ជា ចាន់តូ បានប្រកាសជួយរៀបចំកែលម្អរអគារ សាលប្រជុំរបស់មន្ទីរពេទ្យនេះ ដើម្បីឲ្យមានកន្លែងប្រជុំសមរម្យ និងទូលាយជាងមុនផងដែរ៕