(ភ្នំពេញ)៖ សិក្ខាកាមយោធាកម្ពុជា និងសិក្ខាកាមយោធាមកពីប្រទេសឥណ្ឌូនេស៊ី, ថៃឡង់, ហ្វីលីពីន, នេប៉ាល់, ឡាវ, ម៉ុងហ្គោលី, ម៉ាឡេស៊ី, វៀតណាម និងបង់ក្លាដែស ចំនួន៣១នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់ លើកទី៥ សម្រាប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិដោយជោគជ័យ ដែលមានរយៈពេល៣សប្តាហ៍។

វគ្គហ្វឹកហ្វឺននេះ រៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រោមកិច្ចសហការពីសាធារណរដ្ឋបារាំង និងអូស្ត្រាលី។

ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្រោមអធបិតីភាព ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសាមីន, លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង តំណាងរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, លោកពលបាល Miles Steward គ្រូបង្វឹកនៃប្រទេសអូស្រ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះកាន់តែមានសារៈសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ចំណេះដឹង និងចំណេះធ្វើ ឱ្យគ្នាទៅវិញទៅមក សម្រាប់បុព្វហេតុសន្តិភាពពិភពលោក និងសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានរួមសហការបង្កើតបានជាកម្លាំងមហាសាមគ្គី ធ្វើឱ្យវគ្គនេះដំណើរការបានរលូន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ក្នុងនាមជាអ្នកមានបេះដូងស្រឡាញ់សន្តិភាព និងធ្លាប់រងគ្រោះដោយសារសង្រ្គាម, សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រជាជននៃប្រទេសដទៃទៀត ទទួលបាននូវសុខក្សេមក្សាន្តដូចកម្ពុជាបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាបន្តចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពោរពេញមនោសញ្ចេតនាអាណិតអាសូរ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពដល់ប្រទេសនានា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមផ្តល់ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម។

ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសំអាតមីន និងគ្រប់គ្រងចម្ការមីន ថ្នាក់អាស៊ាន និងតំបន់ សម្រាប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ ឬសកលលោក ស្របគ្នានឹងការយកចិត្តទុកដាក់លើវិស័យមីនដោយកម្ពុជា បានចាត់ទុកវិស័យមីនជាអាទិភាពទី១៨ បន្ថែមពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ឆ្លងតាមលទ្ធផលវគ្គហ្វឹកហ្វឺននេះ សិក្ខាកាមគ្រប់រូបនឹងទទួលបានធាតុចូលបន្ថែមលើវិស័យមីន ពិសេសនីតិវិធីនៃការគ្រប់គ្រងចម្ការមីន ដែលជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើន នៃសកម្មភាពមីនសកល។ លោកជឿជាក់ថា ឆ្លងតាមវគ្គហ្វឹកហ្វឺននេះ កម្ពុជានឹងដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុង ប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ ការបើកវគ្គលើវិស័យមីននេះបន្តទៀត។ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីសាធារណរដ្ឋបារាំងដែលផ្តល់ហិរញ្ញវត្ថុមួយផ្នែក និងបានបញ្ជូនយោធាចារ្យ រួមជាមួយយោធាចារ្យនៃប្រទេសអូស្ត្រាលីផងដែរ មកជួយផ្តល់ការហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្ដេជ្ញា និងការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះសកម្មភាពមីននៅកម្ពុជា និងប្រទេសក្នុងតំបន់។

លោកបានផ្តាំផ្ញើដល់សិក្ខាកាមទើបបញ្ចប់វគ្គហ្វឹកហ្វឺម ត្រូវរួមគ្នាធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយទាំងលទ្ធផលជាវិជ្ជមាន ទាំងបទពិសោធន៍ ទាំងបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារមីន សំដៅពង្រឹងសមត្ថភាពដល់សិក្ខាកាមឱ្យមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដសម្រាប់ទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចមនុស្សធម៌នេះ។

ឯកអគ្គរដ្ឋទូតបារាំង បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់លើកទី៥ ដែលកម្ពជា ធ្វើជាម្ចាស់ផ្ទះ គឺបានប្តេជ្ញាចិត្តយ៉ាងជ្រាវជ្រៅរបស់កម្ពុជា ក្នុងការផ្ទេរសមត្ថភាព ជំនាញ និងបង្កើនការទំនាក់ទំនងរវាងប្រជាជាតិ ដែលមានការព្រួយបារម្ភដូចគ្នា ជាពិសេសការយកចិត្តទុកដាក់ចំពោះប្រតិបត្តិការរក្សាសន្តិភាពទូទាំងពិភពលោក។

លោក Jacques PELLET បានកោតសសើរកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជូនអ្នកដោះមីន ទៅបង្រៀនអ្នកជំនាញនៅប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយនឹងប្រទេសរុស្ស៉ី៕