(សៀមរាប)៖ TASK Program ដែលជាគម្រោងរបស់វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) បានបន្តសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីបន្តអនុវត្តគម្រោងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងសុវត្ថិភាពម្ហូបអាហារ។

ឆន្ទៈនេះ ត្រូវបានបង្ហាញឡើងក្នុងសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង សុវត្ថិភាពម្ហូបអាហា និងបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង TASK Program ដំណាក់កាលទី២ នៅកម្ពុជា ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ត ផេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងលោកបណ្ឌិត Kim Youngchan នាយកគម្រោងរបស់វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) និងវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋាន MISTI និងថ្នាក់ដឹកនាំ មន្ត្រីមកពីមន្ទីរ នៃខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ប្រមាណជា១០០នាក់ នៅសណ្ឋាគារ អឹមប្រេសអង្គរ សៀមរាប ចាប់ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២២។

លោកបណ្ឌិត Kim Youngchan បានធ្វើបទបង្ហាញដល់សិក្ខាកាម ដែលបានចូលរួមថា យើងមានផែនការជំរុញ សម្រាប់ចក្ចុវិស័យ និងយុទ្ធសាស្ត្រ យោងតាមការរីកចម្រើននវានុវត្តន៍ឧស្សាហកម្មចំណីអាហាកម្ពុជា ដោយមានការបណ្ដុះបណ្ដាលក្រុមហ៊ុនជាសកលដែលស្របតាមស្ដង់ដារអន្តរជាតិ លើប្រព័ន្ធផលប្រើថាមពលទាប មិនប៉ះពាល់បរិស្ថាន តាមរយៈការដំឡើងឧបករណ៍, ប្រព័ន្ធផលិតចំណីអាហារមានគុណភាពនិងសុវត្ថិភាព ដោយផ្ដល់ជំនួយផ្នែកវិភាព, និងប្រព័ន្ធផ្ដល់ជំនួយក្រុមហ៊ុន one-stop ដែលសមស្របតាមតម្រូវការក្រុមហ៊ុន គឺមានការផ្ដល់ជំនួយដល់ក្រុមហ៊ុន ផងដែរ។

លោកបណ្ឌិត បានបញ្ជាក់ថា ចក្ខុវិស័យនិងយុទ្ធសាស្ត្រទាំងនេះ គឺត្រូវបានជ្រើសជាតំបន់ផ្ដោតសំខាន់ដោយយោងតាមតម្រូវការរបស់ក្រុមហ៊ុន, ហើយត្រូវអភិវឌ្ឍន៍ខាងបច្ចេកវិទ្យាគ្រប់គ្រងសុវត្ថិភាពនិងគុណភាព, និងផ្ដល់ជំនួយផ្នែកបញ្ជាបច្ចេកវិទ្យានៅកន្លែងការងារស្របតាមតម្រូវការ, ព្រមទាំងកែលម្អនូវកម្រិតអនាម័យរបស់ក្រុមហ៊ុន។

លោក ហ៊ត ផេង បានថ្លែងថា ខាងវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ បានបន្តសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបន្តអនុវត្តគម្រោងTASK Program ដំណាក់កាលទី២នេះឡើង ដើម្បីជួយទៅដល់បណ្តាសហគ្រាសផលិតកែច្នៃម្ហូបអាហារក្នុងស្រុក នៅតាមខេត្តគោលដៅមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

លោកបានរំលឹកផងដែរថា គម្រោងTASK Program ជំហានទី១ បានអនុវត្តនៅរាជធានីភំ្នពេញ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលមានសហគ្រាសផលិតម្ហូបអាហារចំនួន១១ បានចូលរួម ហើយទទួលបានជោគជ័យគួរជាទីមោទនៈ។ ដោយផ្តើមចេញពីការជោគជ័យរបស់គម្រោងTASK Program ជំហានទី១នេះហើយ ទើបក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើរសុំទៅវិទ្យាស្ថានម្ហូបអាហារកូរ៉េ KFRI ដើម្បីបន្តអនុវត្តគម្រោងTASK Program ជំហានទី២ នេះឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសហគ្រាសផលិត និងកែច្នៃម្ហូបអាហារសរុបចំនួន ១២មូលដ្ឋាន (នៅរាជធានីភ្នំពេញ ចំនួន២ មូលដ្ឋាន នៅខេត្តសៀមរាបចំនួន ៥ មូលដ្ឋាន និងនៅខេត្តបាត់ដំបងចំនួន ៥ មូលដ្ឋាន) ។

លោកបញ្ជាក់ផងដែរថា សហគ្រាសទាំងអស់ដែលបានចូលរួមក្នុងការអនុវត្តគម្រោងTASK Program ជំហានទី២នេះ ត្រូវបានចំរាញ់ចេញ ពីសហគ្រាសម្ហូបអាហារចំនួន ៥០ មូលដ្ឋានក្នុង ១ខេត្ត ដោយចំរាញ់យកតែ៥ មូលដ្ឋានក្នុង១ខេត្ត ដោយផ្តោតសំខាន់ទៅលើសហគ្រាសម្ហូបអាហារដែលមានសក្តានុពលខ្ពស់ និងអាចមានលទ្ធភាពក្នុងការនាំចេញ ជាដើម។

លោកបន្ថែមថា នៅក្នុងសហគ្រាសទាំង១២ មូលដ្ឋានដែលបានចូលរួមក្នុងគម្រោងនេះ ក៏បានទទួលចុះកិច្ចសន្យាក្នុងការតាំងចិត្តពីសំណាក់ភាគីកូរ៉េ ដើម្បីផ្តល់ជូនដល់សហគ្រាសនីមួយៗរួមមាន៖

* ការអនុវត្តន៍គម្រោងមានរយះពេល ២ឆ្នាំ (២០២២ ដល់២០២៣)
* ការលើកំពស់ និងអភិវឌ្ឍន៍ វិស័យម្ហូបអាហារ
* ការផ្តល់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសដល់សហគ្រាស ពីសំណាក់វិទ្យាស្ថាន KFRI
* ការទៅចូលរួមទស្សនកិច្ចសិក្សានៅប្រទេសកូរ៉េ
* ការទទួលបានការបណ្តុះបណ្តាលពី Food Hygiene, HACCP, and Food Control
* ការចូលរួមក្នុងសិក្ខាសាលាជាតិ និងអន្តរជាតិ
* ការចូលក្នុងការតាំងពិពរត៌នៅប្រទេសកូរ៉េ ជាដើម។

គម្រោងTASK Program ជំហានទី២នេះ ក៏គ្រោងនឹងអនុវត្តចាប់តាំងពីដើមឆ្នាំ២០២១ មកក៏ប៉ុន្តែដោយសារបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ទើបគម្រោងនេះត្រូវពន្យាពេលអស់ ១ឆ្នាំ៕