(ព្រះសីហនុ)៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (ភ្នំពេញ និងព្រះសីហនុ) នឹងរៀបចំឱ្យមានតម្លៃសមរម្យសម្រាប់សិស្សដែលចង់សិក្សាជំនាញទេសចរណ៍ ខណៈការសិក្សានៅសាលាឯកជនគឺមានតម្លៃថ្លៃខ្ពស់ ព្រោះជាជំនាញដែលសំខាន់ មានតម្រូវការទីផ្សារការងារច្រើន និងទទួលបានប្រាកបៀវត្សខ្ពស់ដែរនៅពេលមានជំនាញស្ដង់ដា។

គួរជម្រាបថា រាជរដ្ឋាភិបាលកំពុងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំង ដោយចំណាយថវិកាសរុប១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។

ពិធីក្រុងពាលីសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការ ក្រុមជំនាញការសាងសង់ជាច្រើនរូបទៀត។

នាឱកាសនោះ លោក ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានថ្លែងឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការសិក្សាជំនាញទេសចរណ៍របស់សិស្ស រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានបង្កើតសាលាជាតិទាំង២ទីតាំងនេះ ដើម្បីសម្រួលលទ្ធភាពក្នុងការសិក្សារបស់សិស្សដែលមានលទ្ធភាពតិចតួច ឬសិស្សក្រីក្រ។

លោកបានថ្លែងថា «ជំនាញវិជ្ជាជីវៈទេសចរណ៍នេះគឺថ្លៃ រហូតដល់៤០០០ទៅ៥០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬអាចឡើងដល់៦០០០ដុល្លារអាមេរិក ដូច្នេះក្រសួងបង្កើតសាលាជាតិនេះឡើង គ្រោងថានឹងផ្ដល់នូវតម្លៃសមរម្យ ប្រហែលជា៦០០ទៅ៧០០ដុល្លារក្នុងមួយឆ្នាំ»

ក្រៅពីនេះ សាលាក៏គ្រោងផ្ដល់អាហារូបករណ៍មួយចំនួនដល់សិស្សក្រីក្រ និងរកកិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្ដល់កម្ចីឥណទានឱ្យសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍នៅសាលាជាតិនេះ ក៏ដូចជាកៀរគររកមូលនិធិជួយថវិកាផ្ដល់ឱ្យសិស្សទាំងនោះផងដែរ។

លោកនាយកសាលាបានបន្តទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះមាន៤ផ្នែកសំខាន់ៗ រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។

លោកបានបន្ថែមថា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តព្រះសីហនុមានការខ្វះខាត។ នៅដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ឃើញថាមានការវិនិយោគច្រើនឡើងវិញក្នុងវិស័យទេសចរណ៍ ជាហេតុនាំឱ្យមានកង្វះខាតនូវអ្នកបម្រើការងារ។ ដូច្នេះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ នឹងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានជំនាញវិជ្ជាជីវៈទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្ដង់ដា ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារការងារឱ្យបានគ្រប់គ្រាន់៕