(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថាបរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦ តោន ហើយតម្លៃមធ្យម ២៥០ដុល្លាក្នុង១តោន។

លោកបានបន្ថែមថា បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិការប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លា ឯណ្ណោះ ទើបអាចប្រមូលទិញស្រូវអស់ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ។

លោកបានបញ្ជាក់ថា ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាមដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាព ក្នុងការប្រមូលទិញផងដែរ។

លោកបានបន្តថា ចំពោះស្រូវដែលប្រជាពលរដ្ឋក៏ដូចជាឈ្មួញនាំទៅលក់នៅប្រទេសវៀតណាម តាមច្រកសំខាន់ពីរគឺច្រកទ្វារអន្តរជាតិបន្ទាយចក្រីស្រុកព្រះស្តេច និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ៕