(ភ្នំពេញ)៖ ជនមានពិការក្រីក្រ ចំនួន៦២៤នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងពិធីបើក-ផ្ដល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយផ្នែកពិនិត្យ ព្យាបាល និងថែទាំងសុខភាព ជូនជនមានពិការក្រីក្រ ចំនួន៦២៤នាក់ នៅតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។

ពិធីនេះ រៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរដ្ឋបាលខណ្ឌព្រែកព្នៅ ក្រោមវត្តមានលោក សម សុខា រដ្ឋលេខាធិការ និងជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនេះបានបង្ហាញឲ្យឃើញថា ជាការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់បងប្អូនជនមានពិការភាព។

ក្នុងនោះក៏មានការចូលរួមពី លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ, លោក ហួរ ហួត អភិបាលរងខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករការ ព្រមទាំងមន្ត្រីពាក់ព័ន្ឋ និងជនមានពិការជាច្រើនផងដែរ ។

នេះជាលើកទី១ហើយ ដែលប្រាក់ឧបត្ថម្ភរបបគោលនយោបាយ ផ្នែកពិនិត្យ ព្យាបាល និងថែទាំងសុខភាព ត្រូវបានផ្ដល់ជូនជនមានពិការក្រីក្រតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅ សរុបចំនួន៦២៤នាក់ (ស្រី៣០១នាក់) ក្នុងជនពិការកម្រិតស្រាល ចំនួន២៣នាក់ កម្រិតធ្ងន់ចំនួន៦០១នាក់ សរុបថវិកាអស់ចំនួន១៨,៧២០,០០០រៀល មកពីសង្កាត់ទាំង៥ ទី១៖ សង្កាត់គោករកា ចំនួន៥១៥នាក់, ទី២៖ សង្កាត់ពញាពន់ ចំនួន៣៤នាក់, ទី៣៖ សង្កាត់ព្រែកព្នៅ ចំនួន៤៧នាក់, ទី៤៖ សង្កាត់ពន្សាំង ចំនួន២៣នាក់ និងទី៥៖ សង្កាត់សំរោង ចំនួន០៥នាក់។

ជំនួសមុខឲ្យអភិបាលរាជធានីភ្នំពេញ, លោក ធឹម សំអាន បានលើកឡើងថា ដើម្បីកាត់បន្ថយភាពក្រីក្រ ឲ្យមានប្រសិទ្ធភាពរដ្ឋបាលសង្កាត់នីមួយៗ ត្រូវព្យាយាមយកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ និងបងប្អូនមានពិការភាព ដើម្បីទទួលបាននូវការគំពារ ជាពិសេសទទួលបាននូវការផ្ដល់ប្រាក់ឧបត្ថមរបបគោលនយោបាយ ផ្នែកពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនជនមាន ពិការក្រីក្រតាមសហគមន៍ និងដើម្បីឆ្លើយតប ទៅនឹងការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឲ្យរដ្ឋបាលខណ្ឌ សង្កាត់ ផ្តោតការយកចិត្តទុកដាក់ជនងាយរងគ្រោះ និងជនមានពិការក្រីក្រតាមសហគមន៍។

លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឲ្យមានការបែកខ្ញែក និងអស្ថិរភាព ក្នុងសង្គមថែមទៀត។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា កន្លងទៅក្រសួង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ រួមទាំងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអភិបាលខណ្ឌ បានយកចិត្តទុកដាក់ខ្លាំង និងជួយដល់បងប្អូនជនមានពិការភាព របស់យើងរាល់សកម្មភាពផងដែរ។ ក្នុងបរិបទកូវីដ១៩ ដែលជាវិបត្តិសកល រាជធានីភ្នំពេញ ក៏បានប្រឈមការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនោះក៏មានបងប្អូនជនមានពិការភាពមួយចំនួន បានទទួលរងផលប៉ះពាល់វិជ្ជមានកូវីដ១៩ ផងដែរ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីប្រមុខរាជរដ្ឋាភិបាលក្នុងការថែទាំព្យាបាល និងការទប់ស្កាត់ព្រមទាំងយុទ្ធនាការចាក់វាក់សាំងបង្ការ និងទប់ស្កាត់កូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ជនមានពិការភាពទូទាំងប្រទេស ក៏ដូចជាជនមានពិការភាពរាជធានីភ្នំពេញ ក៏ទទួលបានការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញក្នុងការការពារអាយុជីវិតផងដែរ។

លោកស្រីបន្ថែមថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកដែលមានពិការភាព ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងដើម្បីលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រ ដែលរងគ្រោះ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចង្អុលបង្ហាញ និងគាំទ្រផ្នែកបច្ចេកទេស សម្របសម្រួល និងត្រួតពិនិត្យដាក់ចេញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាព សំដៅផ្តល់ផលប្រយោជន៍ដល់ក្រុមគោលដៅរងគ្រោះ និងងាយរងគ្រោះបានតាមការរំពឹងទុក៕