(កំពង់ធំ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៥២គ្រួសារ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានវិសមភាព»

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលារៀនវិទ្យាល័យទួលក្បិល ដោយមានវត្តមានរបស់ គណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត យុវជននៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងអ្នកផ្ទុកមេរោគអេដស៍ សរុបប្រមាណ ២០០នាក់។

លោកញឹក បានខេង អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានថ្លែងរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅនៃមេរោគអេដស៍ជំងឺអេដស៍ក្នុងខេត្តកំពង់ធំ និងបានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងទឹកដីខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេចតែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងពី គំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីទី១នៃកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍នៅកម្ពុជា ជាពិសេសការអប់រំផ្សព្វផ្សាយ សកម្មភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ដែលបង្ហាញពីភាពមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ការចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ល។

លោកស្រី ម៉ែ់ន នារីសោភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ហើយចំពោះក្មួយៗចៅៗជាយុវជនត្រូវខិតខំសិក្សារៀនសូត្រ កុំប្រព្រឹត្តផ្តេសផ្តាស់ក្នុងវ័យសិក្សា ជាពិសេសត្រូវធ្វើជាមិត្តអប់រំមិត្ត ជាគំរូល្អដល់អ្នកដទៃ។

ទន្ទឹមនឹងនោះ លោកស្រីបានពាំនាំសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១៖ សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ
២៖ សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង
៣៖ សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា
៤៖ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក
៥៖ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
៦៖ សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ទាំង ៥២គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕