(កំពង់ធំ)៖ សមិទ្ធផលថ្មីបន្ថែមទៀតជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានកន្លែងលាងសម្អាតដៃចំនួន៦ និងបង្គន់អនាម័យចំនួន៣ខ្នង (មាន៩បន្ទប់) ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង ៥ពាន់នាក់ ក្នុងវិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សាចំនួន១ នៅក្នុងក្រុង/ស្រុកចំនួន ៥ នៃខេត្តកំពង់ធំ។

ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះ ប្រារព្ធធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា, គណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងមានវត្តមានរបស់មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកនាយក នាយករង នៃសាលាទាំង៥ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធិជាតិកម្ពុជា ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកគ្រូអ្នកគ្រូ ក្មួយៗចៅៗយុវជនទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការគិតគូរពីសុខទុក្ខជាប់ជានិច្ចចំពោះបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា «ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយដោយមើលឃើញពីការលំបាករបស់សាលារៀននៅទីជនបទឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចយកព្រះរាជទ្រព្យទាំងនោះ មកសាងសង់សមិទ្ធផលជារូបវន្ត គឺជាកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យជូនដល់សាលារៀនចំនួន៥ នៅខេត្តកំពង់ធំ សម្រាប់ការប្រើប្រាស់លើកកម្ពស់សុខភាពអនាម័យ បរិស្ថានល្អដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន ជាពិសេសគឺទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩»

ជាមួយគ្នានេះ លោកស្រីក៏បានជម្រាបជូនពីសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ ដែលក្នុងនោះរួមមានអណ្ដូងទឹកស្អាតចំនួន៣ កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នង (មាន៤បន្ទប់)ផងដែរ។

លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ផងដែរថា ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណា ព្រះមហាក្សត្រកម្ពុជា តែងតែប្រោសប្រទានព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ត្រីមាស ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាសផ្សេងៗដែលជាការបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោក ញឹក បានខេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ ជំនួសមុខឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវក្តីរំភើបរីករាយ និងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវកន្លែងលាងសម្អាតដៃចំនួន ៦កន្លែង និងបន្ទប់ទឹកអនាម័យ ៣ខ្នង សម្រាប់ជាមរតកដល់ខេត្តកំពង់ធំ ព្រមទាំងសូមប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសមិទ្ធផលព្រះរាជអំណោយទាំងនេះ ឱ្យបានគង់វង្សយូរអង្វែងតទៅ។

សូមបញ្ជាក់ថា សមិទ្ធផលទាំងនោះរួមមាន៖
១៖ កន្លែងលាងសម្អាតដៃ១ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក។
២៖ កន្លែងលាងសម្អាតដៃ២ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន។
៣៖ កន្លែងលាងសម្អាតដៃ១​ និងបង្គន់អនាម័យ១ខ្នង មាន៣បន្ទប់ ស្ថិតនៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
៤៖ កន្លែងលាងសម្អាតដៃ១ ស្ថិតនៅវិទ្យាល័យចំណារលើ ស្ថិតក្នុងឃុំចំណារលើ ស្រុកស្ទោង។
៥៖ កន្លែងលាងសម្អាតដៃ១ ស្ថិតនៅសាលាបឋមសិក្សាបាក់ស្រី ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ។

ស្ថិតក្នុងឱកាសនៃពិធីប្រគល់-ទទួលសមិទ្ធផលនោះដែរ គណៈអធិបតី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់កន្សែង ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៨០នាក់ ដែលទើបជ្រើសរើស និងបណ្តុះបណ្តាលថ្មី ប្រចាំនៅវិទ្យាល័យទួលក្បិលផងដែរ។

យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ក៏បានទទួលនូវអនុសាសន៍ណែនាំស្តីពីតួនាទី និងភារកិច្ចរបស់យុវជន ក្នុងនាមជាគំរូល្អដល់យុវជនដទៃទៀត ហើយជាមួយនឹងឯកសណ្ឋានថ្មីនេះ យុវជនទាំងអស់នឹងបន្តអនុវត្តឱ្យបានកាន់តែសកម្ម ក្នុងសកម្មភាពមិត្តអប់រំមិត្តឱ្យកាន់តែប្រសើរឡើង៕