(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសបញ្ចូលសមាជិក សមាជិកាចំនួន ៦៨បន្ថែមទៀត ។

ពិធីប្រកាសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីសមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សក្រសួង វប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូបទៀត ។

ក្រោយពីបានប្រកាសសេចក្ដីសម្រេចស្ដីពីការបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួចមក លោក ហុក មុន្នីកុល តំណាងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញចំណាប់អារម្មណ៍ និងអរគុណចំពោះលោកស្រីបណ្ឌិតសភាចារ្យ ព្រមទាំងថ្នាក់ដឹកនាំគណបក្សក្រសួងទាំងអស់ និងបានសម្ដែងក្ដីរីករាយ និងមានមោទកភាព ដោយហេតុថា ការសម្រេចចូលរួមក្នុងជីវភាពនយោបាយរបស់គណបក្ស គឺជាការផ្ដល់ឱកាសដ៏ថ្លៃថ្លាបំផុត សម្រាប់ចូលរួមសិក្សា និងឈ្វេងយល់នូវគ្រប់បទពិសោធន៍នៃសកម្មភាពការងាររបស់គណបក្សជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសបទពិសោធន៍ក្នុងការចូលរួមអនុវត្តផែនការ សកម្មភាព និងគោលការណ៍ណែនាំរបស់គណបក្ស ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

តំណាងសមាជិក សមាជិកាថ្មី ក៏បានប្ដេជ្ញាចិត្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស, ពង្រឹង ពង្រីកសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឱ្យកាន់តែរឹងមាំនិងទូលំទូលាយថែមទៀត, គោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់ការចាត់តាំងរបស់គណបក្សប្រកបដោយភក្ដីភាព, បង្កើនចំណេះ ជំនាញ និងសកម្មភាព ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាកម្លាំងស្នូលដ៏ពិតប្រាកដរបស់គណបក្ស, យកអស់កម្លាំងកាយ ចិត្ត និងសមត្ថភាពចូលរួមការអនុវត្តកម្មវិធីនយោបាយបក្សនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល, ចូលរួមថែរក្សា ការពារសន្តិភាព និងពង្រីករាល់សមិទ្ធិផលទាំងឡាយរបស់គណបក្ស ដែលបានកសាងកន្លងមក, ចូលរួមចុះជួយចិញ្ចឹមចលនាមូលដ្ឋានតាមគោលការណ៍ណែនាំ និងការចាត់តាំងរបស់គណបក្ស ដើម្បីដណ្ដើមឱ្យបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតអាណត្តិបន្តបន្ទាប់ទៀត។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានស្វាគមន៍ចំពោះសមាជិកថ្មីទាំង៦៨រូប ដែលទើបបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រសួងនាឱកាសនេះ ។ លោកស្រី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្ដេចប្រធាន និងថ្នាក់ដឹកនាំរបស់គណបក្ស ជូនចំពោះសមាជិក សមាជិកានៃអង្គពិធីទាំងមូល ដែលកន្លងមកបានចូលរួមចំណែកដ៏សកម្មក្នុងការងារកសាងគណបក្ស ជាពិសេស លើវិស័យការងារសតិអារម្មណ៍ដែលជាវិស័យមួយមានតួនាទីដ៏សំខាន់ ក្នុងការដឹកនាំ និងពង្រឹងពង្រីកគណបក្ស ក៏ដូចជាការបង្កើនជំនឿជាក់របស់ប្រជាជនចំពោះគណបក្ស។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងារយុវជនគណបក្សក្រសួង ដែលបានសហការគ្នាចុះចិញ្ចឹមចលនានៅមូលដ្ឋានរហូតដល់ដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់ ដែលលទ្ធផលជារួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានសំឡេងគាំទ្រ និងចំនួនអាសនៈជាង៩៩%។

លោកស្រី ក៏បានលើកពីគោលបំណង និងឧត្តមគតិរបស់គណបក្ស គឺ «ឈរខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរី ភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម» ពិសេស រយៈពេល៤៣ឆ្នាំកន្លងមកនេះ គណបក្សយើងបានដឹកនាំប្រទេសសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ ដោយថ្មីៗនេះ ជោគជ័យជាប្រវត្តិសាស្ត្រ ប្រកបដោយមោទកៈភាព គឺភាពជោគជ័យលើការទប់ស្កាត់កូវីដ-១៩ ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាស្ថិរភាពអត្រាប្ដូរប្រាក់ និងការរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ភាពជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ដែលទាំងអស់នេះ ជាចំណុចខ្លាំងដែលធ្វើឱ្យអត្ថិភាពរបស់គណបក្សយើង មានឧត្តមភាពក្នុងដួងចិត្តរបស់ប្រជាជន និងមានកិត្យានុភាពពាសពេញពិភពលោក៕