(កំពង់ឆ្នាំង)៖ រថយន្ត Camry ឆ្លាមដឹកឈើក្រញូងមួយគ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បាន នៅម៉ោង៧៖៣៥នាទី ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ប៉ុន្តែសម្រាប់អ្នកបើករថយន្តវិញ ត្រូវបានលួចដោះលែង ទៅវិញ នៅរសៀលថ្ងៃដដែលជាមួយទឹកប្រាក់ជាង ១មឺុនដុល្លារ។
មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងដោយកម្លាំងអាវុធហត្ថ បានដេញប្រមាញ់ចាប់រថយន្តដឹកឈើក្រញូងមួយគ្រឿងនេះ ម៉ាក កាមរីឆ្លាមពណ៌-ស ពាក់ស្លាក លេខ ភ្នំពេញ 2X-7492។
បើតាមមន្រ្តីអាវុធហត្ថ រថយន្តនេះបានដឹកចេញពីព្រំដែនខ្មែរ-ថៃ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានបានអះអាងថា កម្លាំងអាវុធហត្ថ បានដេញស្ទាក់រថយន្ត រហូតរថយន្តដឹកឈើទៅមុខលែងរួច បានផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីចាប់អ្នកបើកបរ ធ្វើអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ។
បើតាមការរអះអាងបានបញ្ជាក់ថា រថយន្តដឹកឈើក្រញូងមានឈើដុំធំៗចំនួន៣ដុំ និងឈើសន្លឹកមានមុខកាត់៣០ បន្ទារ១តឹក ប្រវែងជាង២ម៉ែត្រ តម្លៃប៉ាន់ប្រមាណមិនក្រោម ពី៥ម៉ឺនដុល្លារ និងអ្នកបើកបរម្នាក់ ត្រូវបានធ្វើការដោះលែងវិញស្ងាត់ៗ ថ្នូរនឹងទឹកប្រាក់ជាង១ម៉ឺនដុល្លារ។
លោក ស្រី ស៊ីថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាព Fresh News ថាឮដំណឹងថាចាប់បានរថយន្តដឹកឈើក្រញូង ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី១៨នេះ មិនទាន់ឃើញមានរបាយការណ៍ ឬវត្ថុតាងមកដល់ទីបញ្ជាការអាវុធហត្ថខេត្តនៅឡើយទេ ម្យ៉ាងវិញទៀត លោក ស្រី ស៊ីថា បានបញ្ជាក់ថា កម្លាំងចុះធ្វើការ ក៍មិនបានទំនាក់ទំនងផ្តល់ដំណឹងអ្វី ដល់លោកឡើយ។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាននិយាយថាមិនទាន់បានទទួលសេចក្តីរាយការណ៍ពី សមត្ថកិច្ចនៅឡើយទេ លោកនឹងធ្វើការសួរនាំ តាមដានរឿងរ៉ាវខាងលើនេះ៕