(គែរ)៖ តុលាការរបស់ប្រទេសអេហ្ស៊ីប បានកាត់ទោសអតីតប្រធានាធិបតីមានដើមកំណើតពី អ៊ីស្លាម លោក ម៉ូហាម៉េដម៉ូស៊ី (Mohamed Morsi) និង អតីតមន្ត្រីជំនិតរបស់លោកចំនួនពីររូបផ្សេងទៀត ដាក់ពន្ធនាគារអស់មួយជីវិត ពីបទដែលលោក បានធ្វើចារកម្ម និងផ្តល់ឯកសារសម្ងាត់ជាតិ ទៅឲ្យប្រទេសកាតា នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៦។
នៅប្រទេសអេហ្ស៊ីប ការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត គឺមានន័យជាប់គុករយៈពេលតែ ២៥ឆ្នាំប៉ុណ្ណោះ។ តុលាការឧក្រិដ្ឋកម្មទីក្រុងគែរ ក៏បានកាត់ទោសប្រហារជីវិតមនុស្ស ០៦នាក់ ផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធនឹងគណបក្ស ម៉ូស្លីម Brotherhood ដោយបានចោទប្រកាន់ពួកគេ ថាបានប្រព្រឹត្តកំហុស ដូចបណ្តាមេដឹកនាំកំពូលៗខាងលើនេះដែរ។ សាលក្រមដែលបានចេញ នៅថ្ងៃសៅរ៍ ក៏បានទុកឱកាសឲ្យមានការប្តឹងឧទ្ធរណ៍ផងដែរ។
គួរបញ្ជាក់ថា មេដឹកនាំដែលបានជាប់ឆ្នោតដំបូងនៅអេហ្ស៊ីប និងត្រូវបានទម្លាក់ចេញពីអំណាច ដោយយោធាកាលពីពាក់កណ្តាលឆ្នាំ២០១៣ លោក ម៉ូស៊ី ត្រូវបានតុលាការរកឃើញថា បានលួចសហការជាមួយមន្ត្រីសំខាន់ៗ ១០នាក់ ផ្តល់ឯកសារសម្ងាត់មួយចំនួនទៅឲ្យរដ្ឋាភិបាលកាតា ដែលក្នុងនោះគឺជារឿងផ្ទៃក្នុងរបស់សន្តិសុខជាតិ សំខាន់ៗ។ តុលាការបានអះអាងថា វាជាការ លួចលាក់ទាក់ទងនឹងក្រុមចារកម្មសម្ងាត់របស់ កាតា ដើម្បីទទួលបានលុយរាប់លានដុល្លារ៕