(ក្រចេះ)៖ មន្រ្តីអង្គការការពាបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជា ដែលមានទីតាំងនៅខេត្តក្រចេះ បានចាប់ឃាត់រថយន្ដ ដឹកសាច់សត្វព្រៃមួយគ្រឿង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចដីសម្បទានសេដ្ឋកិច្ចឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្ត្រីអង្គការបរិស្ថានបានឲ្យដឹងថា រថយន្ដយន្ដដឹកសត្វព្រៃមួយគ្រឿងនោះ មានគ្នាចំនួន៣នាក់ នៅពេលក្រុមមន្រ្តីអង្គការ ឃាត់រថយន្ដបាន ពួកគេទាំងបីនាក់បានរត់បាត់ស្រមោល។ ជនសង្ស័យទាំង៣នាក់ គឺមិនស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយកើតហេតុពួកគេក៏បានរាយការណ៍ជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ហើយបានប្រគល់ទាំងសាច់ និងរថយន្ដ ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់។
លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានបញ្ជាក់ប្រាប់ ភ្នាក់ងារ Fresh News ថា សាច់ព្រៃទាំងនោះ មានសាច់ជ្រូកព្រៃ និងសាច់ឈ្លូស សាច់ជ្រូកព្រៃ មានចំនួន៦០ គីឡូក្រាម និងសាច់ឈ្លូស មានចំនួន៣៦គីឡូក្រាម សរុប៩៦គីឡូក្រាម។
ក្រោយឃាត់បាន កម្លាំងជំនាញរដ្ឋបាលព្រៃឈើយកសាច់សត្វព្រៃទៅដុតបំផ្លាញចោល ចំណែករថយន្ដយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើ ដើម្បីរង់ចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕