(ភ្នំពេញ)៖ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។

ការណ៍នេះត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិ (National Academy for Arbitrators) នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានចែករំលែកព័ត៌មានពីការវិវត្ត និងការរីកចម្រើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សារភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨​ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

លោករដ្ឋមន្ត្រីបានបន្តថា កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហាការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈមានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារសិទ្ធិនិងអត្ថប្រយោជន៍មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំឱ្យមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួម ទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារ ហើយនៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀត ក្រសួងក៏បានស្នើសុំធ្វើវិសោធន៍កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យមានការផ្លាស់ប្តូរគួរជាទីមោទនៈ។

លោក Alan Symonette បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចម្រើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្នមានសមាជិកប្រមាណ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។

លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់លោករដ្ឋមន្រ្តី​​ លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកមានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕