(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដឹកនាំដោយ លោកឧត្តមសេនីយ៍ Supathat Narindarabhakdi អគ្គនាយក TMAC ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់ភាគីថៃ អំពីចក្ខុវិស័យដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្នុងនោះការងារបោសសម្អាតមីន គឺជាកិច្ចការចាំបាច់មួយ ហើយអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល នឹងដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការងារបោសសម្អាតមីននេះ។
អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាព TMAC ថៃ ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដែលកិច្ចការនេះ អាជ្ញាធរមីននឹងត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព(NPMEC) និងអង្គភាពស៊ីម៉ាក់ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
លោកបានបន្តលេីកឡើងថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែបានដាក់ចេញនូវទស្សនវិស័យដូចគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ពីទឹកដីរៀងៗខ្លួន ដែលកម្ពុជាប្រកាសនឹងអស់មីនឆ្នាំ២០២៥ និងថៃប្រកាសនឹងអស់មីនឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញបំណងក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការងារបោសសម្អាតមីន និងកិច្ចការសង្រ្គោះជនពិការដោយសារមីន ផងដែរ៕