(ស្វាយរៀង)៖ តាមរយៈវេទិកាសាធារណៈដែលរៀបចំនៅស្រុករមាសហែក ខេត្តស្វាយរៀង ប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកឡើងអំពីតម្រូវការនានារបស់ពួកគាត់ ក្នុងនោះរួមទាំងក្ដីកង្វល់ជុំវិញការបូមខ្សាច់របស់ក្រុមហ៊ុន «រាសី» ដែលបណ្ដាលឲ្យបាក់ច្រាំងប៉ះពាល់ដល់ដីកសិកម្ម និងដីលំនៅឋានរបស់ពួកគាត់ ដែលរស់នៅតាមបណ្ដោយទន្លេទឹកវិលរមាសហែក ដោយក្នុងនោះមួយគ្រួសារចាប់ពី២៥ ទៅ១០០ម៉ែត្រ។

ក្នុងវេទិកានាពេលកន្លងទៅនេះ លោក កែវ សៀត អនុភូមិតាខុប ឃុំកំពង់ត្រាច តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះឃុំកំពង់តាច បានឲ្យដឹងថា ករណីជនជាតិវៀតណាម យកសាឡង់មកចូលបូមខ្សាច់នេះ កើតឡើងរយៈពេល១ឆ្នាំហើយ និងបង្កឲ្យបាក់ដីរបស់ប្រជាពលរដ្ឋ៦ខែមកហើយ។ ការបូមខ្សាច់នេះបង្កឲ្យបាក់ច្រាំងទន្លេ ធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនភូមិ ដែលរស់នៅតាមបណ្តោយទន្លេទាំងសងខាងទន្លេ ចាប់ពីគល់ស្ពានទឹកវឹល រហូតដល់ព្រំដែនទឹកបាត់ត្រាស់ឃុំដូង មានចំនួន០៤ឃុំ គឺឃុំកំពង់ត្រាច ឃុំអំពឹល ឃុំគគីរ និងឃុំដូង។

តំណាងប្រជាពលរដ្ឋបានលើកឡើងទៀតថា ជនជាតិវៀតណាមបានយកសាឡង់ចូលមកបូមខ្សាច់នេះចាប់តាំងពីឆ្នាំ២០០៩មក ក៏ប៉ុន្តែបានធ្វើឲ្យបាក់ច្រាំងទន្លេប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋខ្លាំង គឺនៅឆ្នាំ២០២២នេះ និងអះអាងទៀតថា ជនជាតិវៀតណាម មានសំណាងជាងប្រជនខ្មែរ ដោយគេដើរបូមខ្សាច់យកទៅលក់ក្នុងស្រុក និងដឹកតាមសាឡង់ឆ្លងដែនទៅប្រទេវៀតណាមយ៉ាងរលូន។

ទាក់ទងក្ដីកង្វល់នេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានបញ្ជាក់ថា លោក នឹងចាត់កម្លាំងចុះពិនិត្យទីតាំងវៀតណាមបូមខ្សាច់នេះ មើលអាជ្ញាប័ណ្ណ និងណែនាំឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់អនុញ្ញាតិប្រសិនបើមិនអនុវត្តតាមទេ លោកនឹងសុំឲ្យក្រសួងរ៉ែ និងថាមពលដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពតែម្តង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុករមាសហែក និងក្រសួងដែលពាក់ព័ន្ធ មានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់ ដែលបង្កឲ្យបាក់ដីប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនេះ៕