(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជាមួយប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត។

កិច្ចប្រជុំនេះដឹកនាំដោយលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាអ្នកនាំពាក្យ គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ផ្សព្វផ្សាយអំពីការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។

លោក ហង្ស ពុទ្ធា បានថ្លែងថា ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ ជាការកត់សម្គាល់ ឃើញថា គ.ជ.ប និងមន្ត្រី គ.ជ.ប គ្រប់ជាន់ថ្នាក់ ពិសេសក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តយ៉ាងត្រឹមត្រូវ តាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងឯកសារគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅរលូនល្អ និងមានសណ្តាប់ធ្នាប់។

លោកថា ចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានផ្តល់នូវកិច្ចសហការល្អតាមតួនាទី ដែលធ្វើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការល្អប្រកបដោយសន្តិសុខ សុវត្ថិភាព។ ចំណែកឯអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរឃុំ សង្កាត់ បានផ្តល់នូវកិច្ចសហការយ៉ាងស្អិតរមួត និងបានចូលរួមគ្រប់ភារកិច្ចក្នុងដំណាក់កាលនានា ដើម្បីជំរុញឱ្យដំណើរការនេះប្រព្រឹត្តទៅដោយជោគជ័យ។ សម្រាប់ប្រជាពលរដ្ឋ គឺមានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងកុះករក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ហើយភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើងក្នុងការអនុវត្តភារកិច្ចរបស់ ក.ច.ប ក៏ប៉ុន្តែវាមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះឡើយ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោក ហង្ស ពុទ្ធា បានបន្តថា បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្តឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្តឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោតត្រូវចាត់ចែងបំពេញរបាយការណ៍ ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមនីតិវិធីរបស់ គ.ជ.ប។ រហូតមកទល់ពេលនេះ គ.ជ.ប បានទទួលបណ្ដឹងសរុបចំនួន ១បណ្ដឹង (បណ្តឹងផ្តន្ទាទោស) ពីគណបក្សភ្លើងទៀន ករណីភ្នាក់ងារគណបក្សភ្លើងទៀន ប្តឹងចៅសង្កាត់រងទី១ នៃសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតជូនដំណឹងបដិសេធ។ ចំណែកនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និងនៅក្រុមប្រឹក្សាធម្មនុញ្ញពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។

លោក ហង្ស ពុទ្ធា បានបន្ថែមថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចាត់ចែងរៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ដើម្បីបិទផ្សាយជាសាធារណៈ។ គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋ បានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ករណីរកឃើញថា មានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ដោយគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០២២នេះ ការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតមានតែករណីស្លាប់ និងផ្លាស់ទីលំនៅចេញប៉ុណ្ណោះ ដូចនេះចាំបាច់ត្រូវផ្អែកលើឯកសារភស្តុតាងច្បាស់លាស់ ដូចជាលិខិតមរណៈភាព ឬលិខិតផ្លាស់ចេញ “ក៦“ ទើបអាចលុបបាន។ យ៉ាងណាក៏ដោយតួលេខនៃអ្នកផ្ទេរឈ្មោះចូលក្នុងឃុំ សង្កាត់ថ្មីជិត ២០ម៉ឺននាក់ ក៏មានចំនួនប្រហាក់ប្រហែលគ្នាទៅនឹងចំនួនតួលេខឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតផងដែរ៕