(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ាន ថន អភិបាលខេត្ត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកចំនួន៣រូប នៅសាលប្រជុំរដ្ឋបាលស្រុកស្នួល។ ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្នួលជាច្រើនរូប។

អភិបាលរងស្រុកទាំង ៣រូប រួមមាន៖

* ទី១៖ លោក លី ខឡេល ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរង ស្រុកស្នួល
* ទី២៖ លោក ហួយ ចាន់ដានី ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្តម ដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង ស្រុកស្នួល
* ទី៣៖ លោក គា ណុច ឋានន្តរស័ក្កិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង ស្រុកស្នួល។

ថ្លែងក្នុងឱកាសនោះ លោក គង់ គឹមនី បានណែនាំដល់អភិបាលស្រុក អភិបាលរង និងមន្ត្រីរាជការទាំងអស់ក្នុងស្រុក-ត្រូវរួមគ្ នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព សីលធម៌ និងស្នាមញញឹម អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។

លោកបានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរស្រុក ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឬការជួញដូរផ្លូវភេទ៕