(ភ្នំពេញ)៖ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២២ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «ខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស» ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូនេះ ក៏មានពាក្យស្លោកមួយចំនួនដូចជា «ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់», «មនុស្សគ្រប់រូបមានសិទ្ធិរស់រានមានជីវិត សិទ្ធិនេះមិនអាចត្រូវបានគេដកហូតឡើយ», «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិ និងការអភិវឌ្ឍ», «ការប្រើប្រាស់សិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ត្រូវគោរពច្បាប់ និងសិទ្ធិសេរីភាពអ្នកដទៃ»។

ជាក់ស្តែងនៅព្រឹថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រារព្ធពិធីនេះឡើងក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយសេរី និងត្រឹមត្រូវក្នុងព្រំដែនច្បាប់។ រាជរដ្ឋាភិបាលបានពង្រឹងការអនុវត្តច្បាប់ក្នុងនាមជាប្រទេសនីតិរដ្ឋ ដើម្បីឱ្យពលរដ្ឋមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យដូចជា៖ សេរីភាពបញ្ចេញមតិ សិទ្ធិបោះឆ្នោត ការចូលរួមជីវភាពនយោបាយ ការធានាឱ្យបានយុត្តិធម៌សង្គម បំបាត់និទណ្ឌភាពតាមរយៈកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានរម្លឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានឆ្លងកាត់សង្គ្រាម និងការកាប់សម្លាប់ដែលបានជះឥទ្ធិពលទាំងលើផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋខ្មែរសព្វថ្ងៃ។ ទោះជាយ៉ាងណាលោកថាចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យឡើងវិញ រហូតឈានដល់ការអនុវត្តប្រជាធិបតេយ្យ និងក្រោមម្លប់សន្ដិភាពដូចបច្ចុប្បន្ន។

លោក ឱម យ៉ិនទៀង បានបន្ថែមថា កត្តាដែលធ្វើឱ្យសិទ្ធិមនុស្សកម្ពុជាឈានមុនគេក្នុងតំបន់រួមមាន ការមិនអនុវត្តទោសប្រហារជីវិត ការចូលជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ រួមទាំងពិធីសារបន្ថែមចំនួន៤ទៀត ស្របគ្នាជាមួយនឹងការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN និងអ្នករាយការណ៍ពិសេសទទួលន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កត្តាធំៗទាំងនេះគឺជាតឹកតា និងសក្ខីកម្មយ៉ាងរឹងមាំ ដែលឆ្លុះបញ្ចាំងពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។

ក្រៅពីនេះ ទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានលើកឡើងដែរថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន វិទ្យុ ទូរទស្សន៍ អ៉ីនធឺណេតមានចំនួនរាប់រយ ត្រូវបានបើកទូលាយ និងសេរី ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិមានជាង ៦,០០០ ដែលបាននិងកំពុងតែធ្វើសកម្មភាពនៅក្រោមច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាបាល។

ទេសរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ «ការការពារ និងលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងសេរីភាពជាមូលដ្ឋាន រួមមាន ការគោរពសិទ្ធិស្តី សិទ្ធិកុមារ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព ព្រមទាំងជនជាតិដើម និងជនជាតិភាគតិចពីការរើសអើងទាំងឡាយ។ ការណ៍នេះ ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបានបង្កើតឡើង និងមានយន្តការ ផែនការយុទ្ធសាស្ត្រ ច្បាស់លាស់ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ ជាពិសេសការប្រយុទ្ធប្រឆាំងការជួញដូរស្ត្រី កុមារ ការដោះស្រាយវិវាទដីធ្លី ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតម្រូវការផ្សេងៗ»។

បើតាមលោក កែវ រ៉េមី បានលើកឡើងថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងលេចធ្លោក្នុងពេលដែលពិភពលោកប្រឈមនឹងជំងឺកូវីដ១៩។ លោកបន្ថែមថាយុទ្ធនាការចាក់វ៉ាក់សាំង ការផ្ដល់ប្រាក់សមធម៌សង្គមដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ រក្សាបានសន្តិភាពស្ថេរភាព គ្មានការរឹតត្បិតសិទ្ធិមនុស្ស សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិក្នុងការគោរពសាសនាជាដើម។

លោក កែវ រ៉េមី បានគូបញ្ជាក់ថា៖ «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាំងពីរំដោះឆ្នាំ១៩៧៩ លើកស្ទួយសិទ្ធិរស់រានមានជីវិតជាពិសេសគឺបញ្ហាប្រឈមទាំងមនុស្ស និងធម្មជាតិ ដែលយើងអាចរំដោះខ្លួនបាន ហើយជាពិសេសការចាក់វ៉ាក់សាំងដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រក្រតីភាពឡើងវិញ។ ប្រជាពលរដ្ឋមានសិទ្ធិប្រកបរបររកទទួលទាន ក្មួយៗបានមកទទួលនូវចំណេះដឹងនៅតាមវិទ្យាល័យសាកលវិទ្យាល័យ។ នេះជាចំណុចមួយដែលឃើញថាកម្ពុជានាំមុខនៅក្នុងការនាំភាពប្រក្រតីភាពដោយភាពដឹកនាំរបស់សម្ដេចតេជោ»។

PRIVACY007, [12/8/2022 7:25 PM]
ជាមួយគ្នានេះ លោក កែវ រ៉េមី ក៏បានលើកឡើងដែរថា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា លោកបានសរសេររបាយការណ៍ជូនអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ និងបានទាន់ពេលវេលា។ ក្រៅពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការងារជាច្រើនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដូចជា ទទួលនូវពាក្យបណ្តឹងពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថនូវកំហឹងរបស់ពលរដ្ឋនៅក្នុងផ្នែកតូចមួយនៃយុតិធម៌នៅក្នុងសង្គម។ ទន្ទឹមនេះក៏បានធ្វើការផ្សព្វផ្សាយច្បាប់ជាតិ និងអន្តរជាតិ និងលិខិតតុបករណ៍នានាស្តីពី សិទ្ធិមនុស្សទៅដល់ប្រពលរដ្ឋ ជនជាតិដើមភាគតិច ដើម្បីជាការយល់ដឹង និងក៏បានគិតគួរទៅដល់ពលរដ្ឋដែលមានភាពជីវភាពទន់ខ្សោយ ដូចជាការជួយផ្តល់នូវមេធាវីដោយឥតគិតថ្លៃក្នុងការតតាំងរឿងក្តីនៅតុលាការផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានគូសបញ្ជាក់ថា បានបន្តថា ថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចុះទៅដល់ពន្ធនាគារគ្រប់រាជធានី-ខេត្ត ដើម្បីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគាផងដែរ និងក៏បានដាក់ប្រអប់សំបុត្រនៅតាមពន្ធនាគារមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលជាជំហ៊ានដំបូង ដើម្បីទទួលសំបុត្ររបស់អ្នកជាប់ពន្ធនាគារ ដែលការណ៍នេះ បង្ហាញអំពីការយកចិត្តទុកដាក់ដល់សិទ្ធិរបស់អ្នកជាប់ពន្ធននាគារ។

គួរជម្រាបថា ទិវាសិទ្ធិមនុស្សត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនៅឆ្នាំ១៩៤៨ ដែលជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR)។ សេចក្ដីប្រកាសជាសកលនេះគឺជាឯកសារដ៏សំខាន់មួយ ដែលប្រកាសអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បាន ដែលមនុស្សគ្រប់រូបមានសិទ្ធិក្នុងឋានៈជាមនុស្ស ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀត។ វាមានច្រើនជាង ៥០០ភាសាដែលជាឯកសារដែលបានបកប្រែច្រើនភាសាបំផុតនៅក្នុងពិភពលោក៕