(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់លោកស្រី អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន នៅបរិវេណវត្តព្រៃសន្ទះ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្នុងឱកាសសួរសុខទុក្ខលោក បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង តាមរយៈមន្រ្តីរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំ និងអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាគ្រប់មណ្ឌល ។
យ៉ាងណាមិញលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ និងជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ដូចថ្ងៃនេះគឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បានចុះមកពិនិត្យ ព្យាបាលជំងឺជូនពុកម៉ែបងប្អូន ដោយឥតគិតថ្លៃដល់មូលដ្ឋានផ្ទាល់ គឺបានសម្រួលឲ្យបងប្អូនទទួលបានសេវានេះកាន់កៀក និងនៅជិតផ្ទះ ឯកឧត្តម ក៏សូមអំពាវនាវផងដែរ សូមកុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការចាញ់បោក ពីក្រុមអ្នកនយោបាយបោកប្រាស់ ដែលតែងតែដើរញុះញង់បោកបញ្ឆោតប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយយកប្រជាពលរដ្ឋជាឈ្នាន់នយោបាយ ដើម្បីតែបិតបាំងកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តអំពើផ្ទុយពីច្បាប់ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំភាន់ដោយឲ្យបងប្អូនផ្តិតមេដៃមិនបាន បញ្ជាក់ពីមូលហេតុច្បាស់លាស់ ហើយយកទៅធ្វើការក្លែងបន្លំបន្ថែម និងយកស្នាមមេដៃរបស់បងប្អូន ទៅប្រើប្រាស់ផ្ទុយពីអ្វីដែលគេនិយាយប្រាប់បងប្អូន ។ ហើយឯកឧត្តម បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយពីជម្ងឺដង្កាត់ផ្សេងៗផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានចុះចល័តពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក្នុងខែមិថុនានេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ី ឈាន បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិទាំងអស់ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយផែនការ និងសកម្មភាពការវិវត្តថ្មីៗ នៃនយោបាយដែលជាជំនួយសម្រាប់ គណៈកម្មាធិការ គណបក្សឃុំ និងសាខាបក្សភូមិ ផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅដាច់ស្រយាល ពុំទទួលបានព័ត៌មានច្បាស់ ពីសភាពការនយោបាយបច្ចុប្បន្ន ដែលគណបក្សប្រឆាំងកំពុងធ្វើ ដែលជាកត្តាអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ក្លាយជាឈ្នាន់នយោបាយ របស់អ្នកនយោបាយបោកប្រាស់ ដែលតែងតែធ្វើការញុះញង់ និងបង្កអសន្តិសុខដល់សង្គមជាតិ ដោយគ្មានឆន្ទៈពិតប្រាកដក្នុងការបង្រួបបង្រួម និងផ្សះផ្សារជាតិ៕