(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ជាពិសេសសប្បុរសជនដែលមានលទ្ធភាព ចូលរួមនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។

ការអំពាវនាវបែបនេះ របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងនៅលើពិភពលោក» នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ការចូលរួមចំណែកឧបត្ថម្ភការបោះពុម្ពសៀវភៅដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើននៅក្នុងសង្គមជាតិ ដោយសារការអភិវឌ្ឍប្រទេសជាតិមួយ គឺអាស្រ័យទៅលើធនធានមនុស្សនៃប្រទេសនោះ ហើយការចូលរួមបោះពុម្ពសៀវភៅ គឺជាការបន្សល់មរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដែលត្រូវការការសិក្សាស្រាវជ្រាវជាសំខាន់ដើម្បីឈានក្លាយទៅជាធនធានមិនចេះរីងស្ងួតរបស់ជាតិ។

លោកបណ្ឌិតបានបន្ថែមទៀតថា ការសិក្សាស្រាវជ្រាវនេះ គឺជាការកសាងឯកសារសម្រាប់​អ្នកជំនាន់ក្រោយ ដោយរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ហើយដែលខុសពីស្ថាប័នមួយចំនួនដែលយកហេតុផលការរីករាលដាលកូវីដ-១៩ធ្វើជាលេសដើម្បីផ្អាកដំណើរការអង្គភាព/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជានៅតែបន្តបំពេញការងារ ហើយកសាងឯកសារជាមូលដ្ឋាន សម្រាប់ផលប្រយោជន៍សង្គមជាតិទាំងមូល និងជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយយកជាឯកសារយោង និងបន្តការសិក្សាស្រាវជ្រាវ។

ជាមួយគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា និងនៅលើពិភពលោកនេះ គឺជាសមិទ្ធផលមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការកសាងឯកសារសម្រាប់ជាមូលដ្ឋានសិក្សាស្វែងយល់អំពីជំងឺរាតត្បាត ផលប៉ះពាល់ និងវិធានការដែលត្រូវបានដាក់ចេញនិងអនុវត្ត ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយជំងឺរាតត្បាតជាសាកល។ បន្ថែមពីនេះ ក្នុងករណីដែលមានការរីករាលដាលនូវជំងឺរាតត្បាតផ្សេងទៀត ឯកសារនេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការពិចារណាចាត់វិធានការដែលកាន់មានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យក្នុងកម្រិតខ្ពស់៕