(ប្រុយស៊ែល)៖ ប៉ូលិសនៃប្រទេសប៊ែលហ្សិក បានចាប់ខ្លួនមនុស្ស ១២នាក់ ស្ថិតនៅក្រោមការសង្ស័យរៀបចំផែនការវាយប្រហារថ្មីមួយ នៅក្នុងប្រទេសប៊ែលហ្សិល ឬនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ ខែមិថុនា។
បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់មួយ ក្រុមប៉ូលិសប៊ែលហ្សិក បានចាប់ផ្ដើមចេញប្រតិបត្តិការណ៍ចុះឆែកលំនៅដ្ឋានប្រមាណ ៤០ខ្នង ទាំងយប់ និងបានចាប់បានមនុស្សសង្ស័យ ១២នាក់ រួមទាំងវត្ថុតាងមួយចំនួន ប៉ុន្តែនៅក្នុងនោះ មិនមានឧបករណ៍ផលិតគ្រោះផ្ទុះ ឬគ្រាប់បែកឡើយ។
ព្រះរាជអាជ្ញាប៊ែលហ្សិល បានថ្លែងឲ្យដឹងថា មានសេចក្ដីរាយការណ៍មកថា សកម្មប្រយុទ្ធក្រុម ISIS បាននិងកំពុងតែរៀបចំផែនការណ៍វាយប្រហារថ្មីមួយ ហើយក្រុមស៊ើបការណ៍សម្ងាត់ក៏បានបង្ហាញពីគោលដៅដែលត្រូវចុះឆែកឆែ ដូច្នេះហើយទើបកងកម្លាំងចេញប្រតិបត្តិការទាំងយប់។
គួរបញ្ជាក់ផងដែរថា នៅខែមីនាកន្លងទៅនេះ ទីក្រុងប្រុយស៊ែល របស់ប៊ែលហ្សិលរងការវាយប្រហារតាមរយៈបំផ្ទុះគ្រាប់បែកអត្តឃាត ដោយសម្លាប់មនុស្ស ៣២នាក់ និងជាទង្វើរបស់ក្រុម ISIS៕