(ភ្នំពេញ)៖ សន្និសីទថ្នាក់រដ្ឋមន្រ្តីមហាអនុតំបន់មេគង្គលើកទី២៥ បានប្រព្រឹត្តទៅពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមមូលបទ «ពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីពង្រីកសមិទ្ធផលរយៈពេល៣០ឆ្នាំ របស់ GMS ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន» នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក កម្មវិធីមហាអនុតំបន់មេគង្គ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទខាងលើ ដោយមានវត្តមានពីតំណាង ប្រទេសសមាជិក GMS តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបប្រមាណ ១០០នាក់។

សន្និសីទថ្នាក់រដ្ឋមន្រ្តីនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមនានា ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការ GMS និងពិភាក្សាបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍផ្សេងៗ សំដៅធ្វើឲ្យប្រសើរឡើងនូវសមាហរណកម្ម ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍផ្នែកសុខាភិបាល និងបរិស្ថានរបស់សហគមន៍មូលដ្ឋានក្នុងអនុតំបន់។

ទន្ទឹមនឹងនេះ ប្រធានប្រតិភូមកពីបណ្តាប្រទេសសមាជិក ក៏បានចូលរួមប្រារព្ធខួបលើកទី ៣០ នៃការ បង្កើតកម្មវិធី GMS ដោយបានអបអរសាទរលើសមិទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសការអនុវត្ត គម្រោងវិនិយោគក្រោមកម្មវិធី GMS ដែលបានកើនលើស ៣០ ពាន់លានដុល្លារអាម៉េរិក។

គម្រោងទាំងនោះ មានវិសាលភាពគ្របដណ្តប់លើវិស័យកសិកម្ម ថាមពល បរិស្ថាន សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ព័ត៌មានវិទ្យា ទេសចរណ៍ ដឹកជញ្ជូន កិច្ចសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍនគរូបនីយកម្ម ខណៈរំពឹងថានឹងមានការពង្រីកសមិទ្ធិផលបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០។

ជាមួយគ្នានេះ រដ្ឋមន្រ្តី GMS ក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគក្រោមក្របខ័ណ្ឌ GMS ដែលគិត ត្រឹមឆ្នាំ ២០២២ គម្រោងប្រមាណ ៦៣% នៃគម្រោងចំនួន ២០៥ បានបញ្ចប់ និង/ឬចាប់ផ្តើមអនុវត្ត។

បន្ថែមពីនេះ អង្គសន្និសីទក៏បានពិនិត្យនិងអនុម័តលើក្របខ័ណ្ឌវិនិយោគតំបន់ GMS ២០២៣-២០២៥ ដែលមានគម្រោងសរុបចំនួន ១១១ គម្រោង ក្នុងនោះគម្រោងរបស់កម្ពុជា មានចំនួន ១៦ (ដឹកជញ្ជូន ១២គម្រោង កសិកម្ម ១គម្រោង បរិស្ថាន ១គម្រោង សុខាភិបាល ១គម្រោង និងព័ត៌មានវិទ្យា ១គម្រោង)។

រដ្ឋមន្រ្តី GMS បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិក GMS ក្នុងការសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរក្នុងវិស័យជាច្រើន ដោយស្របតាមទិសដៅ និងអាទិភាពដែលបានកំណត់នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ២០៣០ ក៏ដូចជាផែនការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំ GMS នៅក្នុងកិច្ចប្រជុំកំពូល GMS លើកទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

មានមតិក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី GMS បន្ទាប់ពីខកខានរៀបចំដោយផ្ទាល់អស់រយៈពេល ២ ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់លើការបន្តជំរុញ កិច្ចសហប្រតិបត្តិការតំបន់ឱ្យកាន់តែស្អិតរមួត សំដៅពង្រឹងបរិយាបន្នភាព, ចីរភាព និងភាពធន់នៃការអភិវឌ្ឍ ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចមិនប្រាកដប្រជានាពេលបច្ចុប្បន្ន។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ធនាគារ អភិវឌ្ឍន៍អាស៊ី ដៃគូអភិវឌ្ឍន៍ដទៃទៀត និងវិស័យឯកជនដែលមានវត្តមានក្នុងសន្និសីទនេះ ចូលរួមបន្ត ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយ បញ្ហាប្រឈមឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យមហាអនុតំបន់ មេគង្គ ២០៣០ តាម ការចង្អុលបង្ហាញរបស់ប្រមុខរដ្ឋាភិបាល GMS ក្នុងកិច្ចប្រជុំកំពូល GMS លើកទី៧។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការធ្វើឲ្យប្រសើរឡើងវិញ នូវភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីធានាបាននូវភាពទាក់ទាញ របស់តំបន់សម្រាប់ស្រូបយករំហូរវិនិយោគ និងពាណិជ្ជកម្មកាន់តែច្រើនថែមទៀត។

ការណ៍នេះ តម្រូវឲ្យតំបន់គិតគូរឲ្យបានហ្មត់ចត់ក្នុងការកំណត់ និងចាត់វិធានការនានា សំដៅធ្វើឲ្យបរិយាកាស វិនិយោគ កាន់តែអំណោយផលតាមរយៈការច្បាមយកកាលានុវត្តភាព នៃការប្រើប្រាស់ឌីជីថលូបនីយកម្ម ប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

គួរបញ្ជាក់ផងដែរថា សន្និសីទថ្នាក់រដ្ឋមន្ត្រី GMS លើកទី ២៥ បានអនុម័តឯកសារជាយុទ្ធសាស្ត្រ សំខាន់ៗចំនួន ៤ រួមមាន៖ (១) ក្របខ័ណ្ឌវិនិយោគតំបន់ GMS ២០២៥ (២) ក្របខ័ណ្ឌលទ្ធផលនៃ GMS ២០២៣ (៣) យុទ្ធសាស្ត្រយេនឌ័រ GMS និង (៤) គំនិតផ្តួចផ្តើមស្តីពីសេដ្ឋកិច្ចឌីជីថល GMS។

បន្ថែមពីនេះ សន្និសីទក៏បានកត់សម្គាល់លើវឌ្ឍនភាពនៃ (១) ការបង្កើត និងការរៀបចំផែនការការងារសម្រាប់ក្រុមការងារចំពោះកិច្ច GMS លើវិស័យពាណិជ្ជកម្ម និងវិនិយោគ (២) ការបង្កើតបណ្តាញពុទ្ធិ GMS (៣) ការពង្រឹងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធី GMS និង (៤) ការរៀបចំពិធីប្រារព្ធខួបគម្រប់ ៣០ឆ្នាំ របស់កម្មវិធី GMS៕