(កណ្ដាល)៖ ទីតាំងដីមួយកន្លែងដែលច្នៃសម្រាប់តារាងបាល់ទះនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលត្រូវបានកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនោះ ទាំងសមត្ថកិច្ច និងលោក ពោច សួរ ដែលជាម្ចាស់ដីផ្ទាល់បានអះអាងថា ដីនេះត្រូវបានជួលឲ្យទៅឈ្មោះ ឈឿន សារុំ តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

លោក ពោច សួរ បានបន្ថែមថា លោកមិនដែលដឹងថាបុគ្គលដែលជួលដីគាត់នោះលួចលាក់បើកល្បែងមានជល់នោះទេ ហើយបើដឹងក៏លោកហាមឃាត់មិនអនុញ្ញាតឲ្យដែរ ប៉ុន្តែលោកបាននិយាយាថា ក្រោយសាកសួរក្មេងៗ ដែលធ្វើការនៅទីនេះបានប្រាប់ថា ការលេងនេះគឺលេងកម្សាន្តគ្នាឯង ២ ទៅ៣គូរលេងៗ គ្រាន់កំហែរអារម្មណ៍សប្បាយរីករាយប៉ុណ្ណោះ ពុំមែនជល់ធំដុំដាក់លុយវាល់លានរៀលនោះទេ។ ប៉ុន្តែទោះយ៉ាងណា បើសិនជាលោកដឹង លោកក៏មិនឲ្យគេលេងនោះដែរ ព្រោះថ្នាក់ដឹកនាំបានហាមឃាត់ល្បែងស៊ីសងគ្រប់រូបភាព។

ជាមួយគ្នានេះ មន្រ្តីសមត្ថកិច្ចមូលដ្ឋានក៏បានបញ្ជាក់ផងដែរថា ម្ចាស់ដីដើមពិតជាបានជួលឲ្យគេបន្តតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែអ្នកជួលនោះយកទៅបើកលេងល្បែងស៊ីសងខុសច្បាប់តែម្តង។

ទោះយ៉ាងណាលោក ពោច សួរ ក៏បានអំពាវនាវដល់សារព័ត៌មានដែលបានផ្សព្វផ្សាយថា លោកនៅពីក្រោយការបង្កប់ល្បែងនេះ សូមមេត្តាជួយផ្សាយពីការពិតផង ដ្បិតលោកគ្រាន់តែជាម្ចាស់ដីប៉ុណ្ណោះ តែអ្នកជួលពីលោកឯណោះទេ ដែលលួចជល់មាន់នោះ។

គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទបើកល្បែងស៊ីសងជាបណ្ដោះអាសន្នពីបទ «បើកកន្លែងលេងល្បែងស៊ីសង»។ ជនត្រូវចោទឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២៕