(ភ្នំពេញ)៖ នៅថ្ងៃនេះលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវលិខិតចំហរមួយជូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹង គណបក្សសង្គ្រោះជាតិ កំពុងតែដាក់សម្ពាធ និងអូសទាញព្រះមហាក្សត្រ ជាទីសក្ការៈឲ្យចាកចេញពីរដ្ឋធម្មនុញ្ញ។
លោក ផៃ ស៊ីផាន បានលើកឡើងថា៖ នេះមិនមែនជាការឆ្លើយឆ្លងជាសង្គ្រាមពាក្យសម្តីនោះឡើយ ក៏ប៉ុន្តែជាសិទ្ធិនៃការទទួលព័ត៌មានពិតរបស់មហាជន ដែលខ្ញុំត្រូវបកស្រាយ ដោយខ្ញុំយល់ឃើញថា ទង្វើនេះជាទង្វើប្រាសចាក ឬប្រឆាំងនឹងរដ្ឋធម្មនុញ្ញបានចែង។
សំណួរសួរថា៖ តើ CNRP ឬ សម រង្ស៊ី បាន ឬមានបំណងរំលោភលើព្រះរាជកាតព្វកិច្ច ព្រះមហាក្សត្រ ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញបានចែង ឬអត់ នៅក្នុងអតីតកាល? តើ សម រង្ស៊ី គោរពនូវព្រះរាជតំរិះព្រះមហាក្សត្រដែរឬទេ ? នេះជាទុក្ខរបស់ព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់មានព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ អាជ្ញាកណ្តាល គឺឋិតនៅក្នុងក្រិត្យក្រមច្បាប់ ដែលពុំអាចឈរនៅខាងណាមួយបានឡើយ។
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ព្រះមហាក្សត្របានឆ្លើយតប និងរដ្ឋធម្មនុញ្ញ ក្នុងព្រះរាជកិច្ចបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត (តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ) ព្រះអង្គបានចេញចុតហ្មាយ កោះអញ្ជើញតំណាងរាស្ត្រ ដែលជាប់ឆ្នោតពីគណបក្សទាំងពីរ (CPP និង CNRP) ឲ្យចូលរួមប្រជុំរដ្ឋសភា។ នៅក្នុងករណីនេះ CNRP បានកាឡៃ បញ្ឆោតព្រះមហាក្សត្រថា៖ គឺចំនួន៦០ថ្ងៃ បន្ទាប់ពីការចេញលទ្ធផលនៃការបោះឆ្នោត។
ជាលទ្ធផលគណបក្សសង្គ្រោះជាតិ (CNRP) មិនគោរពព្រះរាជតំរិះនៃការខិតខំរបស់ព្រះមហាក្សត្រ ដែលព្រះអង្គបានលើកឡើងនូវព្រះរាជតំរិះ ដែលមានន័យថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងអញ្ជើញ ឯកឧត្តម លោកជំទាវទាំងអស់ចូលរួមក្នុងសម័យប្រជុំដំបូង រដ្ឋសភាជាតិ ដើម្បីបង្ហាញនូវការរួបរួម និងឯកភាពជាតិ» ។ ក៏ប៉ុន្តែជាលទ្ធផល សម រង្ស៊ី គេចវេសពីការចូលរួមតបតាមសេចក្តីអញ្ជើញពីព្រះមហាក្សត្រ បែរជាទៅត្រៀមធ្វើមហាបាតុកម្ម នៅទីក្រុងភ្នំពេញ ហើយនាំសមាជិក សមាជិកា តំណាងរាស្ត្ររបស់បក្សខ្លួនទាំង៥៥រូប ទៅធ្វើសច្ចា ប្រណិធាន នៅមុខប្រាសាទអង្គរវត្តទៅវិញ។
តើនេះជាសកម្មភាពឆ្លើយតបនឹងមាត្រា៧, មាត្រា៨, មាត្រា៩ នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាការគោរពស្ថាប័នរាជបល្ល័ង្គដែលជាស្ថាប័នជាតិកំពូលមួយដែរឬទេ? រីឯសកម្មភាព បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ មក គឺរាល់ស្ថាប័នជាតិត្រូវបានវាយប្រហារបំពានដោយ CNRP យកលេសប្រជាធិបតេយ្យ និងសម្តែងមតិ ក្រៅពីការកំណត់នៃច្បាប់។
ឧទាហរណ៍មួយទៀត នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្រុមអ្នកវិភាគឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍រួមជាញ្ញត្តិ ថ្វាយព្រះមហាក្សត្រ ក្នុងការយាង ព្រះមហាក្សត្រ ចេញលិខិតកោះហៅគណបក្សទាំងពីរ ឲ្យវិលត្រឡប់មករកតុចរចាវិញ ក៏ប៉ុន្តែព្រះមហាក្សត្រទ្រង់បានតបត្រឡប់ទៅវិញ ជូនដល់ក្រុមវិភាគ ដែលបានដាក់ញ្ញត្តិថ្វាយព្រះមហាក្សត្រ លើកទឹកចិត្តដល់អ្នកដាក់ញ្ញត្តិ ឲ្យសរសេរសំបុត្រទៅកាន់ថ្នាក់ដឹកនាំគណបក្ស «ទាំង CPP និង CNRP សូមឲ្យថ្នាក់ដឹកនាំទាំងអស់នោះ គោរពយាងព្រះមហាក្សត្រ ជាព្រះរាជាធិបតី នៃការជួប្រជុំនេះ» ... ចំណុចនេះបានបង្ហាញនូវព្រះរាជកិច្ចគោរព នូវការមិនចូលលូកដៃជ្រៀតជ្រែក ឬបង្គាប់នោះឡើយ ហើយក៏ជាឧទាហរណ៍សំរាប់អ្នកនយោបាយ ក្នុងការឆក់យកផលពីព្រះមហាក្សត្រ។
អ្វីដែលអ្នកនយោបាយម្នាក់លើកឡើង ជាបំណងសុំអនុញ្ញាតពីព្រះករុណា ដើម្បីថ្លែងសារទុក្ខអំពីបញ្ហានយោបាយក្តៅ នៅក្នុងកម្ពុជាបច្ចុប្បន្ន ដែលពុំមានច្បាប់ណា មួយហាមនោះឡើយ។ សកម្មភាព និងភាសាអ្នកនយោបាយនោះ គឺមានភាពមិនសុចរិតរួចជាស្រេចហើយ គឺការសម្តែងមតិទូលថ្វាយព្រះមហាក្សត្រតាមញ្ញត្តិ។ ព្រះមហាក្សត្រ ទ្រង់ តែងតែទទួលតាមរយៈរដ្ឋបាលក្រសួងព្រះបរមរាជវាំង។ បន្ទាប់ពីព្រះអង្គទ្រង់ទត ឈ្វេង យល់ និងព្រះរាជតំរិះ ព្រះអង្គនឹងចាត់ព្រះរាជសារ បញ្ជូនមកកាន់រាជរដ្ឋាភិបាល ឬរដ្ឋសភា ដែលជាដែនសមត្ថកិច្ច ដើម្បីស្វែងយល់ ទូលថ្វាយ ឬមានចំណាត់ការតាមដែនសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ។
រីឯកិច្ចទូលថ្វាយ ឬទទួលសវនាការជាផ្លូវការពីរដង ក្នុង១ខែ ឲ្យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាប អំពី សភាពការណ៍ប្រទេសជាតិនោះ ក៏ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានត្រា២០ផងដែរ។ ការចូលគាល់ព្រះមហាក្សត្រ ក្រៅពីការងាររដ្ឋ ខ្ញុំតែងតែឃើញឯកជន ឬអង្គការមិនមែននយោបាយ មនុស្សធម៌ ឬភ្ញៀវបរទេស ក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ របស់កម្ពុជាអស់មួយេជីវិតរបស់ព្រះអង្គ ដូចមាត្រា៧ នៃរដ្ឋធម្មនុញ្ញបានចែងស្រាប់។ រីឯការលើកឡើងថា ព្រះមហាក្សត្រទ្រង់ជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអាចទទួលពាក្យបណ្តឹងបាន គឺជាការប្រមាថស្ថាប័ន និងប៉ះពាល់ដល់ភារកិច្ចរបស់ ព្រះមហាក្សត្រ។ ដោយរាល់ការសម្រេចក្តី ជំរះក្តី (មានត្រា១២៩ថ្មី នៃរដ្ឋធម្មនុញ្ញ) ផ្តល់យុត្តិធម៌ត្រូវធ្វើក្នុង នាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។ មានតែចៅក្រមទេ ដែលមានសិទ្ធិជំរះក្តី។ ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជាធិបតីភាព នៃអង្គព្រះមហាក្សត្រ (មានត្រា១៣៤ នៃរដ្ឋធម្មនុញ្ញ)។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីទូលថ្វាយព្រះមហាក្សត្រ អំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជំរះក្តីទាំងអស់។ ហើយការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រជុំក្រោម អធិបតីភាពប្រធានតុលាការកំពូល ឬ ព្រះរាជអាជ្ញាអមតុលាការកំពូល។
អាស្រ័យហេតុនេះការលើកឡើងដែលជាទឡ្ហីករណ៍របស់ CNRP ហែញ្ញត្តិ ទៅថ្វាយព្រះមហាក្សត្រ ពាក់ព័ន្ធនឹងរឿងក្តីក្តាំ ឬយុត្តិធម៌ គឺមិនស្របតាមនីតិវិធីច្បាប់ទេ ក៏ប៉ុន្តែជារូបភាពនយោបាយដាក់សម្ពាធ ប្រឆាំងនឹងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ រីឯការត្រៀមរៀបចំសកម្មភាពនយោបាយ នៅមុខប្រាសាទអង្គរ គ្រាន់តែជារូបភាពផ្សព្វផ្សាយឲ្យទេសចរណ៍បរទេសមកទស្សនាប្រាសាទអង្គរ ខ្លាចរអា ក្នុងការបំផ្លាញសេដ្ឋកិច្ចខ្មែរប៉ុណ្ណោះ ដូចជារឿង សម រង្ស៊ី តែងតែលើកឡើង តាមរយៈសកម្មភាព នយោបាយទាំងក្នុង និងក្រៅប្រទេស ធ្វើយ៉ាងណាបង្កឲ្យមានឧបសគ្គដល់ចំណូលរដ្ឋ ឬសេដ្ឋកិច្ច ដែលកើតពីការបណ្តាក់ទុន ឬជំនួយដល់កម្ពុជាដែលមិនពាក់ព័ន្ធនិងសេដ្ឋកិច្ច។
ខ្ញុំនៅតែចាំបានថា ការស្បថ សច្ចាប្រណិធាន ថាមិនចូលអង្គុយក្នុងសភាជាតិ ក្បត់ឆន្ទៈរាស្ត្រ ក៏ប៉ុន្តែ CNRP បានធ្វើផ្ទុយពីសម្បថរបស់ខ្លួនរួចជាស្រេចហើយ។ អាស្រ័យហេតុនេះសកម្មភាពនៅមុខប្រាសាទអង្គរវត្ត គឺប្រហាក់ប្រហែលនឹងវិច្ឆេទកម្មសេដ្ឋកិច្ច ឬភេរវកម្មនយោបាយតែប៉ុណ្ណោះ៕