(សៀមរាប)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត» ដោយមានការចូលរួមពី លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត អនុសាខា ក្រុង ស្រុក ព្រមទាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាង១០០នាក់ចូលរួម។

លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខា ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលសកម្មភាពអ្នកស្ម័ត្រចិត្ត និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ព្រមទាំងធ្វើលំហាត់បង្ហាញ នៃផ្នែកខ្លះៗ នៃវិជ្ជសង្រ្គោះបឋម របស់អ្នកស្ម័ត្រចិត្ត និងរបស់យុវជនកាកបាទក្រហម និងការចែកប័ណ្ណសរសើរជូនដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងការងារមនុស្សធម៌ប្រចាំឆ្នាំ។

លោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និងសរសើរចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញការងារយៈពេលកន្លងមក។

លោកស្រី សុខ ណារ៉ូ បានបន្តថា «យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរ ឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»

លោកស្រី សុខ ណារ៉ូ បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

ដោយឡែក ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត» ដើម្បីអនាគតទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ។ ប្រធានបទនេះ មានគោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិបន្តចូលរួមឲ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជម្ងឺកូវីដ-១៩ ជម្ងឺឆ្លងរាតត្បាតសកលនានា។

ទន្ទឹមនឹងនេះដែរ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សហគមន៍ជាតិដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងនៅគ្រប់ទីកន្លែង ព្រមទាំងបានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នក ស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នេះជាការបញ្ជាក់របស់លោកស្រី សុខ ណារ៉ូ។

ជាមួយនេះដែរ អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកនូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាឆ្នាំ២០២១-២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និងការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងការអភិវឌ្ឍន៍ស្ថាប័នផងដែរ៕