(កំពង់ធំ)៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២២៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយរយ:ទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ត្រី ស្មាច់ ញឹម មានអាយុ៧៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិ ដាក់ឲ្យចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ២០០២។
លោកមានភរិយា និងកូននៅក្នុងបន្ទុក៤នាក់ ដោយប្រកបមុខរបរធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយគួបផ្សំនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។ ដោយមើលឃើញ ពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះឲ្យបានសមរម្យដោយខ្លួនឯងបាន ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង ផ្ទះអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោជូនគាត់នៅពេលនេះដែលជាខ្នងផ្ទះទី២២៩ ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ត្រីខចំនួន១យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោកអនុសេនីយ៍ត្រី ស្មាច់ ញឹម និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕