(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយចំពោះការមិនពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូឌុបនៅលើស្ពាននៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ក៏បានអរគុណចំពោះប្រជាពលរដ្ឋ ដែលយកចិត្តទុកដាក់ចំពោះសម្តេច ហើយចូលរួម Comment ល្អៗ នៅលើបណ្តាញសង្គម Facebook ផ្ទាល់របស់សម្តេច។
សម្តេចតេជោ បានសរសេរថា «តាមផ្លូវព្រឹកមិញ ខ្ញុំបានចុះសួរសុខទុក្ខប្អូនរត់ម៉ូតូឌុប ហើយបានជិះឌុបគាត់ និងគាត់ឌុបខ្ញុំវិញ ដែលមានចម្ងាយប្រហែល ២៥០ ម៉ែត្រដោយមិនមាន គ្រោងទុកជាមុនទេ។ គឺសប្បាយពេកពេលបានជួបគាត់។ អរគុណបងប្អូនដែលបាន Comment ចំពោះការមិនពាក់មួកសុវត្ថិភាព គឺពិតប្រាកដណាស់ ប្រសិនបើ យើងបើកបរទៅកាន់ទីជិតឆ្ងាយ គឺត្រូវពាក់មួយសុវត្ថិភាពជាប់ជានិច្ច ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៌ផ្សេងៗ។ អរគុណចំពោះ Comment ល្អៗ» ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ បន្ទាប់ពីជិះម៉ូតូឌុបរួច សម្តេចបានឧបត្ថម្ភ១ពាន់ដុល្លារ ដល់ម្ចាស់ម៉ូតូឌុបខាងលើផងដែរ៕