(ព្រះសីហនុ)៖ ដើម្បីឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ ទទួលបានជោគជ័យ និងភាពល្អប្រសើរ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានណែនាំម្ចាស់អាជីវកម្មទេសចរណ៍ត្រូវយកចិត្តទុកដាក់ចំពោះសេវាកម្មរបស់ខ្លួន និងកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក ប្រសិនបើឡើងថ្លៃខ្លះក៏ត្រូវជូនដំណឹងឬប្រាប់ភ្ញៀវជាមុន។

លោក ទិត ចន្ថា ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» អមជាមួយពិធីចែកបណ្ណសរសើរនិងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ
នៅសណ្ឋាគារសុខាប៊ិច នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក ទិត ចន្ថា បានថ្លែងដូច្នេះថា «សូមស្នើដល់អាជីវកម្មដែលទទួលបណ្ណសរសើរទាំង៩៨ទីតាំង និងទទួលលិខិតសរសើរទាំង៨២ទីតាំង ព្រមទាំងអាជីវកម្មទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងតំបន់ឆ្នេរឡើយ»។

លោកក៏បានស្នើឱ្យដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អក្នុងឱកាសពិធីបុណ្យសមុទ្រ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន។

ពាកព័ន្ធនឹងការដំឡើងតម្លៃសេវាកម្មនេះដែរ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅនិងម្ហូបអាហារ ក្រសួងទេសចរណ៍ បានថ្លែងថា នៅពេលដែលមានតម្រូវការសង្គម តែងតែមានការលួចដំឡើងថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួនតូច ជាពិសេសគឺការឡើងថ្លៃដោយមិនបានជូនដំណឹងជាមុន ដូច្នេះហើយទើបក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹងជាមុន ហើយមន្ទីរទេសចរណ៍ខេត្តក៏បានយកសេចក្ដីជូនដំណឹងនោះ ចុះទៅផ្សព្វផ្សាយណែនាំបន្តដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តរបស់ខ្លួនដែរ។

ជាមួយគ្នានោះ លោក គឹម សេរីរដ្ឋ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ នៅពេលមានការដំឡើងតម្លៃសេវាកម្មរបស់ខ្លួនត្រូវជូនដំណឹងឱ្យបានច្បាស់លាស់ ឬមានការបិទតារាងតម្លៃនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន ដើម្បីភ្ញៀវឱ្យបានដឹងជាមុន មុនពេលដែលទទួលសេវាកម្មនោះ និងមិនត្រូវមានការឡើងថ្លៃហួសហេតុដោយមិនមានហេតុផល និងមិនមានការឯកភាពពីអ្នកជំនាញនោះឡើយ។

លោក គឹម សេរីរដ្ឋ បានថ្លែងយ៉ាងដូច្នេះថា​ «ម្ចាស់អាជីវកម្មទាំងអស់ គាត់បានសន្យាជាមួយយើង ហើយគាត់ក៏បានធ្វើដែរ បើគាត់ឡើងថ្លៃ ក្នុងករណីដែលមានតម្រូវការកើនឡើង តម្លៃក៏អាចមានការកើនឡើងខ្លះហើយ តែសំខាន់គាត់ត្រូវជូនដំណឹងឱ្យភ្ញៀវបានដឹង ហើយភ្ញៀវបានឯកភាពលើតម្លៃហ្នឹង ជៀសវាងមិនបានដឹង ដោយចូលទៅដោយគិតស្មានថាតម្លៃចាស់ ហើយពេលទទួលសេវារួច ពេលទៅគិតលុយបែរជាគិតតម្លៃថ្មី អាចនឹងភ្ញៀវទទួលយកអត់បានទេ ចឹងត្រូវប្រាប់ភ្ញៀវជាមុន»

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២៕