(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងឧទ្ទេសនាមលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត ព្រមទាំងរាយការណ៍អំពីលទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត បានរាយការណ៍ជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីលទ្ធផល នៃកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្តនាពេលខាងមុខ។

ក្នុងជំនួបនេះ ភាគីតំណាងក្រសួងនគរបាលវៀតណាម ក៏បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងនូវការកោតសរសើរ និងគាំទ្រដល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២នេះ។

ជាអនុសាសន៍ដឹកនាំបន្ថែមលើលទ្ធផលដ៏ល្អដែលមានស្រាប់ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចង្អុលដឹកនាំឲ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រមទាំងពង្រឹងការសម្របសម្រួលរួមសហការដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើសឲ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព និយាយជារួមសហការដោះស្រាយកុំឲ្យបទល្មើសមានការរីករាលដាល។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕