(កំពង់ធំ)៖ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ បានជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ ស្ត្រីទើបសម្រាលកូនតូចចំនួន​ ១០នាក់​ នៅមណ្ឌលសុខភាពកំពង់ស្វាយ​ ដែលស្ថិតក្នុងឃុំកំពង់ស្វាយ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​។

លោកស្រី​ ម៉ែន​ នារីសោភ័គ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងសារអប់រំសុខភាពស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ ការសម្រាលកូននៅមណ្ឌលសុខភាព​ ការបំបៅកូនដោយទឹកដោះម្តាយ​ ការចាក់វ៉ាក់សាំងបង្ការដល់កុមារ​ ការផ្តល់អាហារគ្រប់គ្រឿងដល់កុមារជាដើម។

លោកស្រីអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើដល់ស្ត្រីជាមាតាទាំងអស់ ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវភាពគ្រប់គ្រាន់​ និងបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ។ បន្ថែមពីសារអប់រំសុខភាពខាងលើនេះ​ ស្ត្រីជាមាតាទាំង១០គ្រួសារ​ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ​ ដោយគ្រួសារនីមួយៗទទួលបាន​៖​ អង្ករ​២៥គីឡូក្រាម​,​ មី​១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកស៊ីអ៉ីវ​ ១យួរ,​ ទឹកត្រី​១យួរ,​ ឃីតសម្រាប់មាតា-ទារក​ ១កញ្ចប់​ និងថវិកា​៥ម៉ឺនរៀល។

បន្ទាប់ពីចុះអប់រំផ្សព្វផ្សាយ និងផ្ដល់អំណោយមនុស្សធម៌នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារផ្ទុកមេរោគអេដស៍​ ១គ្រួសារ​ រស់នៅភូមិឥន្ទកុមារ​ ឃុំកំពង់ស្វាយ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ ផងដែរ៕