(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ អភិបាលខណ្ឌសែនសុខ លោក បុិល កុសល និងប្រធាន មន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានដាក់អេស្ការវ៉ាទ័រ ចំនួន២គ្រឿង កាយប្រឡាយក្បាលដី លេច៤៤៣ ភូមិគោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីរំដោះទឹកស្ទះ នៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦នេះ ប៉ុន្តែត្រូវបានម្ចាស់ដីរារាំង។
លោក សេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា «ខណៈ ដែលក្រុមការងារ កំពុងចុះប្រតិបត្តិការកាយប្រឡាយនេះ ម្ចាស់ដីនេះ ២នាក់ប្តីប្រពន្ធ បានតវ៉ា យ៉ាងខ្លាំង មិនឲ្យកាយដីគាត់ឡើយ។ ក្រោយពីមាន ការតវ៉ា ក្រុមការងារ បានពន្យល់ពីនិតិវិធី ដើម្បីឲ្យពួកគាត់ បើកផ្លូវឲ្យក្រុមការងារចុះអនុវត្តកាយប្រឡាយនៅតំបន់ខាងលើនេះ»។
បើតាមលោក សេង គន្ធ ទោះបីជាគ្មានការយល់ព្រមពីម្ចាស់ដី ក្រុមកាងារជំនះកាយប្រឡាយនេះឲ្យបាន ក្នុងគោលបំណង ដើម្បីរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រមទាំង ភូមិព្រៃទា ភូមិព្រៃជីសាក់ ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវន្ត សង្កាត់ ចោមចៅ និង ភូមិត្រពាំងជ្រៃ ភូមិកាកាប ភូមិព្រៃសិលា ភូមិក្បាលដំរី ភូមិចំកាឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ភូមិទាំងអស់នេះ ត្រូវហូរចាក់មកប្រឡាយ ដែលត្រូវកាយនេះ រួចចាក់ទៅប្រឡាយទួលសំពៅ ទៅស្ថានីយ៌បូមកប់ស្រូវ។ កាលពីពេលថ្មីៗនេះ ក្រោយពីមានភ្លៀងធ្លាក់ នៅក្នុងរាជធានីយ៉ាងដំណាំ តំបន់ខាងលើនេះ រងការលិចលង់យ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរនៅតាមដង ផ្លូវនេះ៕