(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្រក់ទឹកភ្នែក ពេលចូលគោរពវិញ្ញាណក្ខន្ធ លោកតា សាយ ភូថង នៅវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ប្រទេសថៃ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
នៅលើបណ្តាញសង្គម Facebook សម្តេចបានបញ្ជាក់ថា មរណៈភាព លោកតា សាយ ភូថង គឺជាការបាត់បង់វិរជនដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា។ សម្តេចសរសេរថា «នេះគឺជាការបាត់បង់វីរជនដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា។ ស្មារតីលះបង់ និងបូជាគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិគឺពលរដ្ឋកម្ពុជាចងចាំគ្រប់គ្នា។ ពិធីសាសនា ដែលបានធ្វើ នៅក្នុងប្រទេសថៃ គឺដោយសារសំណូមពររបស់សាច់ញាតិក្រុមគ្រួសារសព ដែលសព្វថ្ងៃកំពុងរស់នៅក្នុងប្រទេសថៃ»។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណគុណរាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃគ្រប់លំដាប់ថ្នាក់ដែលបានសហការ និងជួយដល់ការ ការរៀបចំសពជូន លោកតា សាយ ភូថង។
សូមបញ្ជាក់ថា លោកតា សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលធ្លាប់តស៊ូរំដោះប្រទេសកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៥:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយរោគាពាទ៕