(ព្រៃវែង)៖ លោក តុប នេត តំណាងរបស់លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនត្រៀមប្រឡងថ្នាក់ទី១២ ចំនួន៧នាក់ និងសិស្សពូកែថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ប្រចាំស្រុកពាមរក៍ចំនួន៣១នាក់។
ថ្លែងក្នុងពិធីលោក តុប នេត បានពាំនាំការ ផ្តាំផ្ញើពីលោក ស សុខា ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលស្ម័គ្រចិត្តខិតខំបង្រៀននៅថ្ងៃឈប់សម្រាក និងលើកទឹកចិត្តសិស្សពូកែទាំងអស់ ឱ្យសង្វាតខិតខំរៀនសូត្រ យកចិត្តទុកដាក់ដល់ការសិក្សា ខិតខំដុសខាត់កែច្នៃខ្លួនឲ្យទៅជាពេជ្រដែលមានតម្លៃសម្រាប់សង្គមជាតិ។ លោកក៏បានជម្រាបសិស្សត្រៀមប្រឡងងទាំងអស់ថា លោក ស សុខា នឹងជូនរង្វាន់ម៉ូតូ១គ្រឿង ដល់សិស្សណាដែលប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសA នៅខែសីហា ឆ្នាំ២០១៦ខាងមុខ។ ក្នុងពិធីនោះលោក តុប នេត បាននាំយកអំណោយ និងសម្ភារមួយចំនួនរបស់លោក ស សុខា ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត និងសិស្សពូកែទាំងអស់មានដូចជា កន្សែង សម្ភារសិក្សា កាតាបសិស្ស និងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុប១,៦០០,០០០ រៀល៕