(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋជិត១០០០នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូប និងជាអ្នកប្រឆាំងនឹងរឿងអាស្រូវលោក កឹម សុខា បានលើកឡើងថា ការដែលរូបនាងមករៀបចំវេទិកាសាធារណៈនៅទីនោះ គឺមិនមានការបង្ខិតបង្ខំ បងប្អូនមកចូលរួមនោះទេ បងប្អូនមកចូលរួមដោយស្ម័គ្រចិត្តទាំងស្រុង។
ការលើកឡើងរបស់កញ្ញា បែបនេះធ្វើឡើង បន្ទាប់ពីមានអ្នកនយោបាយមួយចំនួន បាននិយាយថា កញ្ញាបានប្រើប្រាស់លុយទិញទឹកចិត្ត បងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមរាល់វេទិកា។
ឆ្លើយតបនឹងការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា គ្រាដែលកញ្ញាកំពុងរៀបចំវេទិកាសាធារណៈនៅចំពោះមុខបងប្អូនជិត១០០០នាក់, ដោយបងប្អូនយាយ តា មីង ពូ បានស្រែកថា «អត់បោះឆ្នោតឲ្យលោក កឹម សុខា ទេ, អត់ផ្តិតមេដៃការពាររឿងតណ្ហាលោក កឹម សុខា ទេ» (សូមទស្សនាវិដេអូខាងក្រោម)។
កញ្ញា ធី សុវណ្ណាថា បានអះអាងថា «ថ្ងៃនេះខ្ញុំបើកវេទិការសាធារណ:នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពលរដ្ឋ៩០០នាក់ នៅទីនេះ រិះគន់ខ្លាំងរឿងអាស្រូវផ្លូវភេទ លោក កឹម សុខា»។
កញ្ញា ធី សុវណ្ណថា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាមទារឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហ៊ានចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ចំពោះទង្វើអាក្រក់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ស្រីមុំ។ នៅក្នុងរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណាថា បានធ្វើដំណើររៀបចំ វេទិកាសាធារណជាច្រើនកន្លែង នឹងនៅតាមបណ្តាខេត្តនានា ដោយទាញបានប្រជាប្រិយភាពជាច្រើនពីបណ្តាបងប្អូនប្រជាពលរដ្ឋ៕