(ភ្នំពេញ)៖ ភាគីកម្ពុជា-ឡាវ បានឯកភាពគ្នាឯកភាពបន្តបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ឲ្យបានសម្រេច ដោយឆាប់រហ័ស។ ការប្រកាសសម្រេច និងឯកភាពនេះ បានធ្វើឡើង ក្រោយពេលដែល លោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ទស្សនកិច្ច រយៈពេល២ថ្ងៃ ពោលគឺ នៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតឡាវ។ នេះបើយោងតាមសេចក្តីប្រកាព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ ក៏បានឯកភាព បើកស្ថានអគ្គកុងស៊ុលរបស់ប្រទេសទាំងពីរ ដោយស្ថានអគ្គកុងស៊ុលឡាវ ស្ថិតនៅខេត្តស្ទឹងត្រែងរបស់កម្ពុជា នឹងសម្ពោធនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជា ស្ថិតនៅក្រុងប៉ាកសេ ខេត្តចំប៉ាសាក់របស់ឡាវ នឹងសម្ពោធនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។
ក្រៅពីនោះ ភាគីទាំងពីរ ក៏បានជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសនីមួយៗឲ្យកាន់តែច្រើនឡើង ជាពិសេស ជំរុញឲ្យមានការ វិនិយោគទៅវិញទៅមក ក្នុងប្រទេសនីមួយៗ និងការធ្វើពាណិជ្ជកម្មរវាងខេត្តដែលមានព្រំដែនជាប់គ្នា។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានឯកភាពសហប្រតិបត្តិការជាមួយគ្នា យ៉ាងជិតស្និទ និងជួយគាំទ្រគ្នា ទៅវិញទៅមក នៅក្នុងតំបន់ និងអន្តរជាតិ ដូចជា CLV CLMV ACMEC ASEAN UN GMS ជាដើម។ និយាយពីកិច្ចសហប្រតិបត្តិការនេះដែរ ភាគីកម្ពុជា-ឡាវ បានលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការនានា មានដូចជា គណៈកម្មការចម្រុះទ្វេភាគី នៃប្រទេសទាំងពីរ ដែលគ្រប់ដណ្តប់ ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍ ការវិនិយោគ ការអប់រំ និងវប្បធម៌។
ចំពោះការអប់រំវិញ ភាគីទាំងពីរបានឯកភាពបន្ថែមអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាកម្រិតបរិញ្ញាបត្រ រវាងរដ្ឋាភិបាលទាំងពីរ ទៅជា ១៥អាហាររូបករណ៍ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា កន្លងមក បញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ធ្លាប់រងការរិះគន់ ពីសាធារណជនផងដែរ។ ករណីនេះ ប្រជាពលរដ្ឋខ្មែរ ធ្លាប់បានអំពាវនាវឲ្យ រដ្ឋាភិបាលកម្ពុជា ពន្លឿនការ បោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ឲ្យបានឆាប់រហ័សផងដែរ៕