(កំពត)៖ លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកអង្គរជ័យ ខេត្តកំពត និងជាតំណាងលោកបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា នៃវត្តទេពវិមាន(វត្តកាន់ទ្រង់) ស្ថិតក្នុងខេត្តកំពត។
កុដិថ្ម និងសមិទ្ធផលទាំងនោះ ត្រូវបានកសាងដោយចំណាយអស់ជាង៨ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមចំណែកពី ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកបណ្ឌិត ប៉ែន ស៊ីម៉ន និងសហការី។
នៅក្នុងពិធីនោះ ក៏មានវត្តមានរបស់ លោកប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តកំពត ព្រមទាំងព្រះសង្ឃ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទ ព្រមទាំងប្រតិភូអមដំណើរសរុបជិត ១៤០០នាក់។ពិធីខាងលើនេះ ក៏មានការរាប់បាត្រប្រគេនព្រះសង្ឃ៧៩អង្គ ផងដែរ។
លោកបណ្ឌិត ប៉ែន សំអាត និងភរិយា បាននាំយកការនឹករលឹក និងសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងផ្សារភ្ជាប់សុខទុក្ខរបស់សម្តេចទាំងទ្វេ ជាមួយប្រជាពលរដ្ឋគ្រប់រូបភាព ទោះបីជាមានភាពមមាញឹកក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាអាយុជីវិតជាតិ ។
លោកបណ្ឌិត ប៉ែន សំអាត បានបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា ១០លានរៀល ចូលរួមចំណែក ក្នុងការសាងសង់នូវសមិទ្ធិផលនានា ក្រៅពីនោះក៏មានការចែកអំណោយដល់ យាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់១ ឈុត និងថវិកា១ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភជាសំភារៈសិក្សា ដល់យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងចំណាយ ក្នុងការរៀបចំពិធីនេះ គិតជាទឹកប្រាក់សរុបជាង ២៥លានរៀល៕