(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ជប៉ុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលមានម៉ាស៉ីនត្រួតពិនិត្យលេខកុំព្យូទ័រ (CNC) ចំនួន៣គ្រឿង តម្លៃជាង៤លានដុល្លារអាមេរិក នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

ពិធីសម្ពោធដាក់ឲ្យដំណើការ CJDM ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក យក់ ង៉ុយ រដ្ឋលេខាធិការ តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា។

CJDM នឹងក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០​ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា​។ CJDM កើតឡើងបន្ទាប់ពីការប្រឹងប្រែង កសាងទំនាក់ទំនងទ្វេភាគី រវាងប្រមុខដឹកនាំកម្ពុជា និងជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា ម៉ាស៉ីន CNC ទំនើបៗ ចំនួន៣ប្រភេទផ្សេងគ្នា ដែលមានតម្លៃប្រមាណ៥០០លានយ៉េន ស្មើនឹង៤លាន៥សែនដុល្លារអាមេរិក ត្រូវបានផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងប្រើប្រាស់ នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញនៅ RUPP ដែលនឹងបណ្តុះបណ្តាលវិស្វករ ដែលមានជំនាញខ្ពស់ក្នុងបរិបទនៃ ឧស្សាហកម្ម ៤.០។

សូមជម្រាបថា ក្រោយបញ្ចប់ជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គីស៉ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អំឡុងពេលនាយករដ្ឋមន្ត្រីជប៉ុន បំពេញទស្សនកិច្ចនៅកម្ពុជា ភាគទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលក្នុងនោះក៏មានការលើកឡើង ពាក់ព័ន្ធនឹងការវិនិយោគសម្រាប់អនាគតនៅអាស៉ី។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៉ី នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញខ្ពស់ ដោយសហការជាមួយ មជ្ឈមណ្ឌលកម្មន្តសាលឌីជីថលកម្ពុជា-ជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចរបស់ប្រទេសទាំងពីរ ក្នុងការបង្កើតឧស្សាហកម្មថ្មី ដើម្បីដោះស្រាយបញ្ហាសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន CJDM នឹងបណ្តុះបណ្តាលធនធានមនុស្ស ដែល​ប្រើសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល​ផលិតជាគ្រឿងបន្លាស់ និងគ្រឿងបង្គុំផ្សេងៗ ​សម្រាប់ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។

​លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រង CJDM ធ្លាប់បានលើកឡើងថា CJDM មានបំណងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងផ្នែកឧស្សាហកម្មឌីជីថល សម្រាប់បំពេញតម្រូវការ​លើវិស័យនេះ នាពេលអនាគត ​​ដែលនឹងជំរុញឱ្យកម្ពុជា ជាប្រទេសរីកចម្រើនខាងឧស្សាកម្ម និងកម្មន្តសាល។ លោកបន្តថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សនេះ នឹងទាក់ទាញបានក្រុមហ៊ុនមកវិនិយោគ លើវិស័យឧស្សាហកម្ម៤.០ នៅកម្ពុជាបន្ថែមទៀត នាពេលខាងមុខ ដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងវិស័យនេះ។ ​

បច្ចុប្បន្ននេះ ម៉ាស៉ីន CNC កម្រិតខ្ពស់ចំនួន៣ រួមមាន LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY ​បាននាំចូល មកកាន់មជ្ឈមណ្ឌល CJDM ដែលមានតម្លៃសរុបប្រមាណ៥លានដុល្លារអាមេរិក។ ​

ក្នុងចំណោមម៉ាស៉ីនទាំង៣នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤ប៉ុណ្ណោះក្នុងពិភពលោក គឺ នៅកម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និងអាល្លឺម៉ង។ ម៉ាស៊ីននេះ មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេ​ទ និងគ្រប់ទំហំ ពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕