(ភ្នំពេញ)៖ លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងនៅតែធ្វើពិធី​ជួបជុំបួងសួង​នៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ដដែល ខណៈអាជ្ញាធរខេត្តសៀមរាបអះអាងថា ការជួបជុំបួងសួង​ដោយមានមនុស្សច្រើនចូលរួមនេះ មិនបានសុំការ អនុញ្ញាតជាមុនទេ។ ជាមួយគ្នានេះអាជ្ញាធរមាន ការព្រួយបារម្ភអំពីបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់។

លោក ឡុង កុសល អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលលិខិត​ផ្លូវការណាមួយ ពីខាងគណបក្សសង្គ្រោះជាតិ (CNRP) ជុំវិញការរៀបចំប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ស្អែកនោះទេ។

មន្រ្តីអាជ្ញាធរជាតិអប្សរារូបនោះបានបញ្ជាក់ថា «ពិធីណាក៏ដោយ ត្រូវតែមានការសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា មុនការប្រារព្ធរៀបចំនៅរមណីយដ្ឋានអង្គរ»

កាលពីម្សិលមិញ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ខ្លួនពុំទាន់ទទួលបានសំណើផ្លូវការណាមួយពី CNRP ជុំវិញការប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នោះទេ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសរៀបចំបួងសួង តាមបែបព្រះពុទ្ធសាសនា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ ចំពោះករណីនេះ មកទល់រសៀលថ្ងៃទី១៧ ខែមិថុនានេះ អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលបានសំណើរប្រារព្ធពិធីនេះជាផ្លូវការនៅឡើយទេ។ អាជ្ញាធរជាតិអប្សរា មានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងផលប៉ះពាល់មកដល់បេតិកភណ្ឌ បណ្តាលមកពីការប្រារព្ធពិធីដែលគ្មានការអនុញ្ញាត, ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមាន ពាក់ព័ន្ធនឹងឧបទ្ទវហេតុជាយថាហេតុដែលកើតចេញអំពីការប្រារព្ធពិធីនេះ»។

ឆ្លើយតបនឹងសេចក្តីជូនដំណឹងខាងលើ លោក ហូ វ៉ាន់ នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានអះអាងថា ការរៀបចំពិធីសាសនា​នៅខេត្តសៀមរាប មិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរនោះទេ គ្រាន់តែជូនដំណឹងប៉ុណ្ណោះ។ លោកថា «ធម្មតាការរៀបចំ បែបពុទ្ធសាសនា គ្មានហេតុផលអ្វីដែលយើងត្រូវសុំច្បាប់ទេ យើងគ្រាន់តែមាន​ការជូនដំណឹងថា យើងរៀបចំពិធី នេះពិធីនោះ ប៉ុន្តែយើងធ្វើនេះមិនមែនប្រមូល ប្រជាពលរដ្ឋដើម្បីធ្វើវេទិកា ធ្វើបាតុកម្ម គឺមិនមែនទេ គឺយើងធ្វើបែបពុទ្ធសាសនា ដើម្បីសុំសុខសន្តិភាព ដើម្បីការបង្រួប​បង្រួមជាតិ ដើម្បីការអភិវឌ្ឍជាតិតែប៉ុណ្ណោះ»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងរៀបចំពិធីបួងសួង ចំនួន២កន្លែងនៅខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងនោះមាននៅខាង​មុខព្រះអង្គចេក​ព្រះអង្គចម និងមុខប្រាសាទអង្គរវត្ត។ ការរៀបចំពិធីបួងសួងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការ មានវិធានការជាបន្តបន្ទាប់ ចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលរងនូវបទ​ចោទប្រកាន់មួយថ្មីមួយ ជុំវិញការមិនចូលខ្លួនបំភ្លឺ ក្នុងនាមជាសាក្សី ក្នុងរឿងសញ្ជារកម្ម៕